ភ្នំពេញ៖ បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដ៏មានប្រជាប្រិយភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញការហួសចិត្តជាខ្លាំង ចំពោះលោក សម រង្ស៉ី មិនដឹងពីអាណត្តិរបស់ប្រធានអាស៊ាន។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូច្នេះ «ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំមិននឹកស្មានថាលោក សម រង្សី គ្មានភាពខ្មាសអៀនដល់ថ្នាក់នេះ។ ហ៊ានចេញសារលើបណ្តាញសង្គមរបស់ខ្លួនជាភាសាខ្មែរផង ជាភាសាអង់គ្លេសផង រិះគន់សម្តេចតេជោ ពាក់ព័ន្ធករណីក្លែងបន្លំតួនាទីជាប្រធានអាស៊ាន ដែលខ្លួន ទាំងមិនយល់ច្បាស់អំពីអាណត្តិរបស់ប្រធានអាស៊ានផង»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកសាររបស់លោក សម រង្សី គឺស្មើនឹងគាត់រិះគន់ប្រធានាធិបតីបារាំង ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រមុខរដ្ឋអាស៊ានដទៃទៀត ថាពួកគេមិនយល់ច្បាស់អំពីអាណត្តិរបស់ប្រធានអាស៊ាន ព្រោះពួកគេបានទទួលស្គាល់នូវតួនាទីជាប្រធានអាស៊ានរបស់សម្តេចតេជោ ទាំងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង (ថ្ងៃទី ១៣ ធ្នូ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង) និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប (ថ្ងៃទី១៤ ធ្នូ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក)។
លោកបណ្ឌិត បានបន្ថែមថា «និយាយឱ្យខ្លី គឺលោក សម រង្សី ចង់បង្ហាញថាមានតែគាត់ទេដែលឆ្លាតវៃជាងគេ ហើយយល់អំពីអណត្តិរបស់ប្រធានអាស៊ានច្បាស់ជាងប្រធានាធិបតីបារាំង ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំអាស៊ាន។
ខ្ញុំអានសាររបស់គាត់ច្រើនដង ហើយនៅតែហួសចិត្តដែលគាត់អាចសរសេរសារបែបនេះទៅរួច ព្រមទាំងបង្ហោះសារជាសាធារណៈជាភាសាខ្មែរ និងភាសាអង់គ្លេសអោយបរទេសអាចអានទៀត»។
សូមបញ្ជាក់ថា លោ សម រង្ស៉ី ជនដែលសម្តេចតេជោប្រសិទ្ធនាមជនក្បត់ជាតិ៣ជំនាន់ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ បានសរសេរសារលើហ្វេសប៊ុករបស់ខ្លួនថា សម្តេចតេជោ ហ៊ុន សែន លួចប្រើតួនាទីជាប្រធានអាស៊ាន ដើម្បីឱ្យប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទទួលជាផ្លូវការ នៅថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២២។ តាមការពិត ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ទេ ដែលជាប្រធានអាស៊ាន បច្ចុប្បន្ន។
យោងតាមធម្មនុញ្ញរបស់អាស៊ាន បានចែងថា ឋានៈជាប្រធានអាស៊ាន ត្រូវប្តូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រមនៃឈ្មោះ ជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក ក្នុងរយៈពេលពេញមួយឆ្នាំប្រតិទិន «ពោលគឺចាប់ផ្តើមពីថ្ងៃទី០១ ខែមករា នៃឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំដដែលនោះ។
ការប្រគល់ញញួរប្រធានអាស៊ាន ដែលធ្វើឡើងនៅមុនដំណាច់ឆ្នាំប្រតិទិននោះ គ្រាន់តែជាការប្រគល់ទុកជាមុនជានិមិត្តរូប ក្នុងពេលនៃការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ប៉ុន្តែពុំមែនមានន័យថា ចប់អាណត្តិរបស់ប្រធានអាស៊ានកំពុងកាន់នោះឡើយ។ ដូច្នេះឋានៈជាប្រធានអាស៊ានរបស់សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទើបចប់អាណត្តិ។
សំណេររបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បាននាំឱ្យមានការហួសចិត្តជាខ្លាំងពីសំណាក់អ្នកតាមដាននយោបាយ ក៏ដូចជាសាធារណៈមតិទូទៅ។ គេមិននឹកស្មានថា សម រង្ស៉ី អ្នកនយោបាយជិតចូលរណ្តៅមួយរូបនៅកម្ពុជា បែរមិនមានចំណេះដឹងរឿងអាស៊ាន៕