ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋជាច្រើនបានលើកគ្នាទាំងទ័ពទៅសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំនៅមុខក្រសួងមហាផ្ទៃ ក្នុងករណីមន្ត្រីនគរបាលមួយរូប ឈ្មោះ ធូក ចិន្តា បានលួងលោមបោកប្រាស់លុយរបស់ពីពួកគាត់ អស់ម្នាក់ៗ រាប់ពាន់មុឺនដុល្លារ។
បើយោងតាមការលើកឡើងរបស់ពលរដ្ឋទាំងនោះ បានឱ្យដឹងថា៖ «មូលហេតុដែលពួកខ្លួនលើកគ្នាទាំងកងពលមកមុខក្រសួងមហាផ្ទៃ ដោយតែពួកខ្លួនបានលេចឮដំណឹងថាមានអ្នកធំម្នាក់ដែលមានឥទ្ធិពលបានអន្តរាគមន៍ ឱ្យដោះលែងមន្ត្រីនគរបាលដែលជាជនឆបោកប្រាក់របស់ពួកគាត់ឱ្យមានសេរីភាពវិញ»។
គួរបញ្ជាក់ដែរថា៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធូក ចិន្តា ភេទស្រី មុខរបរជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ហើយការឃាត់ខ្លួននេះដែរ គឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជុំវិញករណី«ឆបោក»។
ប្រជាពលរដ្ឋទាំងនោះ ក៏បានលើកឡើងទៀតថា៖ ដោយសារតែលេចឮដំណឹងថាមានអ្នកធំមានឥទ្ធិពលបម្រុងអន្តរាគមន៍ឱ្យដោះលែងជនសង្ស័យខាងលើ ទើបពួកខ្លួនដាច់ចិត្តលើកគ្នាមកដូចទ័ពដើម្បីសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ និងសុំកិច្ចអន្តរាគមន៍ពីអយ្យការអមសាលាដំបូង ដើម្បីសូមកុំឱ្យមានការដោះលែងស្រ្តីជនសង្ស័យ ដែលជាមន្ត្រីនគរបាលរូបនេះ។
ប្រជាពលរដ្ឋទាំងនោះក៏បានស្នើសុំឱ្យថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃគឺសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្តេចជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលឈ្មោះ ធូក ចិន្តា ដែលបានឆបោកលុយពីពួកគាត់អស់ជិត ២០មុឺនដុល្លារ ផងទាន៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299