ជនសង្ស័យចំនួន ៥នាក់ ដោយ ៤នាក់ជាជនជាតិចិន និង១នាក់ជាជនជាតិខ្មែរ ត្រូវបានអាជ្ញាធរឃាត់ខ្លួនក្រោយសង្ស័យជាប់ពាក់ព័ន្ធនឹងការលួចទម្លាក់គ្រាប់បែកដៃមួយបង្កប់ក្នុងនំខេកនៅក្បែររដ្ឋសភា និងក្រុមហ៊ុនណាហ្គាវើលដ៏២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកម៉ោង៦ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានបញ្ជាក់ថា អាជ្ញាធរបានឃាត់ជនសង្ស័យទាំង ៥នាក់នោះមកសួរនាំសិនក្រោយសង្ស័យក្នុងករណីទម្លាក់ចោលគ្រាប់បែកដៃនៅក្បែររដ្ឋសភា។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានឱ្យដឹងដែរថា អាជ្ញាធររកឃើញមុខសញ្ញាជនសង្ស័យ ក្រោយពីអាជ្ញាធរទទួលបានតម្រុយថាមានជនសង្ស័យមិនស្គាល់មុខបានជិះរថយន្តមួយគ្រឿងម៉ាក lang Rover Defender ពាក់ស្លាកលេខកម្ពុជា LC.9888 មកទម្លាក់គ្រាប់បែកដៃនៅសួនច្បារណាហ្គាវើលដ៍ ស្របពេលដែលមានអ្នកអនាម័យតាមផ្លូវម្នាក់បានឃើញហេតុការណ៍ផ្ទាល់។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក) លោក ហេង រតនា បានបញ្ជាក់ថា គ្រាប់បែកដៃមួយគ្រាប់ដែលជនសង្ស័យបង្កប់ក្នុងនំខេក ហើយមកទម្លាក់ចោលនៅក្បែរវិមានរដ្ឋសភានោះ ជាប្រភេទគ្រាប់បែកដៃ F1 ដែលផលិតនៅប្រទេសរុស្ស៊ី។
បើតាមលោក ហេង រតនា គ្រាប់បែកដៃមួយគ្រាប់នោះក្រោយរកឃើញភ្លាម អាជ្ញាធរជំនាញបានដោះបន្សាបគ្រាប់បែកនោះដោយប្រើបច្ចេកទេសទាញខ្សែពីចម្ងាយ ហើយគ្រាប់បែកដៃនោះក៏បានផ្ទុះ ប៉ុន្តែ ពុំបណ្តាលឱ្យមនុស្សរងរបួសឡើយ៕