ខេត្តតាកែវ ៖ ចៅហ្វាយស្រុកអង្គរបូរីដែលទើបឡើងទៅអង្គុយកៅអីសាលាស្រុកក្តៅៗ បានសរសេរសារមួយឃ្លាបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា “សំខាន់ខ្ញុំស្អាត់ស្អំ ខ្ញុំមិនបារម្ភមិនភ័យនឹងអាពួកព្រាយបិសាចអគតិតាមលងយាយីឡើយ” ។
តាមសំណេរមួយឃ្លាដែលបានបង្ហោះរបស់លោកចៅហ្វាយស្រុកអង្គរបូរីរូបនេះ ទំនងជាសរសេរដៀមដាមទៅកាន់សារព័ត៌មាន ដែលបានផ្សាយព័ត៌មានជាបន្តបន្ទាប់ពាក់ព័ន្ធនិងភាពមិនប្រក្រតី និងរឿងអាស្រូវដែលចៅហ្វាយស្រុករូបនេះប្រព្រឹត្តនាពេលកន្លងមក។
សូមរំឮកថា លោក រស់ ប៊ុនធឿន មិនទាន់ទាំងបាត់ផ្សែងស្អុយរឿងអោយក្រុមឈ្មួញកាយថ្មជើងភ្នំបូរីលក់ផង ពេលនេះ មកតាំងខ្លួនជាតុលាការយ៉ាងទទឹងទិស បញ្ជាមន្ត្រីក្រោមឳវាទចុះវាស់វែងដីមានទំនាស់ទាំងដែលភាគីម្ខាងទៀតមិនយល់ព្រម នៅចំណុចភូមិព្រែកតាផ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយអះអាងថា ជាបញ្ជារបស់លោកអភិបាលខេត្តតាកែវ ។ ដោយឡែកម្ចាស់ដីដែលត្រូវបានចៅហ្វាយស្រុកបំពេញការងារទាំងបំពាននេះ អះអាងថា គេធ្វើតាមបញ្ជាអភិបាលខេត្ត តែពេលសួររកលិខិតស្នាមគឺគ្មានទេ។ គាត់សង្ស័យ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ស៊ីលុយពីម្ចាស់ដីម្ខាងទៀត ទើបធ្វើតាមគេបញ្ជា។
ជុំវិញករណីខាងលើ ក៏មានមន្ត្រីនៅមន្ទីរសូរិយោដីខេត្តតាកែវម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះថា គ្មាននីតិវិធីណាដែលត្រូវចៅហ្វាស្រុកចុះវាស់វែងដីកំពុងមានទំនាស់ដូចករណីខាងលើទាំងទទឹងទទែងទេ ហើយបើមានចំណាពីអភិបាលខេត្តគឺត្រូវតែដោះ ហើយចាំបាច់ណាស់ត្រូវមានការសម្របសម្រួលត្រូវរ៉ូវគ្នាពីភាគីទាំងសងខាងទើបអាចវាស់វែងបាន។ ករណីបញ្ជាអោយវាស់វែង គឺមានតែតុលាការទេទើបមានសិទ្ធ មិនអាចថ្នាក់ភូមិបាល ឬថ្នាក់ខេត្តមានសិទ្ធបញ្ជានោះទេ។
គួរកត់សម្គាល់ដែរថា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ដែលគេមើលឃើញថា ចូលចិត្តដើរច្រៀងខារ៉ាអូខេ ផឹកស៊ី សឹងតែរាល់ថ្ងៃកំពុងបង្កើតរឿងអាស្រូវពេញស្រុក បង្កើតបក្ខពួកប្រព្រឹត្តអំពើពុករលួយ ដូចជាករណីកាយថ្មភ្នំបូរីដែលជាភ្នំប្រវត្តិសាស្ត្រលក់ ហើយពេលនេះមកបញ្ជាមន្ត្រីក្រោមឳវាទចុះទៅវាស់វែងដីមានទំនាស់តាមភាគីម្ខាងបញ្ជាទាំងទទឹងទិសខុសទៅនិងនីតិវិធីទៀត៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299