កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថស្រុកឆ្លួង បានធ្វើការចុះបង្ក្រាបរថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទ៤ផ្លូវ ពាក់ស្លាកលេខ ៣A ៥៩៤៦ ដែលបានធ្វើដំណើរឆ្លងកាត់ស្រុកឆ្លូង មកដល់ចំណុចភូមិបានជ័យ១ ឃុំហានជ័យ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក ស្ទាក់ចាប់រថយន្តនោះត្រួតពិនិត្យរកឃើញបង្គោលឈើក្រាក់ជាច្រើនបង្កប់ក្រោមដើមឫស្សី ដែលក្រុមឈ្មួញត្រៀមបញ្ជូនទៅចែកចាយបន្ត។
បើតាមលោក កង ស៊ុម មេបញ្ជាការកងរាជអាវុធហត្ថស្រុកឆ្លូងបញ្ជាក់ថា ក្រោយបង្ក្រាបរថយន្តដឹកឈើខុសច្បាប់នេះបានហើយ មន្ត្រីកងរាជអាវុធហត្ថស្រុក បានរៀបចំឯកសារនាំយករថយន្ត និងវត្ថុតាងប្រគល់ជូនទៅជំនាញរដ្ឋបាលព្រៃឈើស្រុកឆ្លូង ដើម្បីរក្សាទុកបន្តនីតិវិធីច្បាប់។ ចំណែកម្ចាស់រថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទ៤ផ្លូវ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថសួរនាំបន្ត ធ្វើកំណត់ហេតុ និងត្រៀមបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្តនីតិវិធីផងដែរ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្រុមឈ្មួញជួញឈើនៅខេត្តក្រចេះល្បីៗ ដូចជាឈ្មោះ ធា ឈ្មោះចែមុំ និងក្រុមឈ្មួញមួយចំនួនទៀត បានធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអាណាធិបតេយ្យ ក្នុងនោះពួកគេបានដឹកចែកចាយលក់ទៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ និងបានលួចដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកស្នួល និងច្រករបៀងមួយចំនួនទៀត ដោយមានការគុបគិតគ្នាជាមួយមន្ត្រីយាមច្រកទ្វារព្រំដែន និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ជាលក្ខណៈប្រព័ន្ធ បង្កឱ្យធនធានព្រៃឈើនៅប្រទេសកម្ពុជា រងនូវការហិនហោចកាន់តែខ្លាំងឡើង ខណៈស្រុកចំនួន៤របស់ខេត្តក្រចេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា មានការដឹកជញ្ជូនឈើខ្លាំងជាងគេ គឺស្រុកសម្បូរជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ ស្រុកចិត្របុរី ស្រុកស្នួល និងស្រុកឆ្លូងនេះតែម្ដង៕