សង្គម

កម្ពុជាគ្រោង​កំណត់​អាយុកាល​នៃការ​នាំចូលរថយន្តមួយ​ទឹក និងអាយុកាលរថយន្ត​ដែល​អនុញ្ញាត​ឲ្យ​បើកបរ

Row of new cars on lot

ក្នុង​កិច្ច​ប្រជុំ «ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់រយៈពេល១០ឆ្នាំបន្ត ឆ្នាំ២០២១-២០៣០»  ដែល​ប្រព្រឹត្ត​ទៅ​កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានជំរុញឱ្យមានការកំណត់អាយុកាលនៃការនាំចូលរថយន្តមួយទឹក។

Row of new cars on lot

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានផ្តល់នូវមតិយោបល់ សំដៅចូលរួមក្នុងសសរស្តម្ភនៃផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ក្នុង​នោះ​ រួមមាន៖ ជំរុញការផ្លាស់ប្ដូរផ្លាកលេខឡានដែលគ្មាន QR Code ពង្រឹងនីតិវិធីនៃការប្រឡងយកបណ្ណបើកបរ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងបញ្ចូលការងារកញ្ចប់ថវិកាទាក់ទងនឹងបរិក្ខាសុវត្ថិភាពចរាចរណ៍ និងបរិក្ខាត្រូវបំពាក់តាមថ្នល់ ក្នុងការលើកគម្រោងថវិកាជួសជុលស្ថាបនាផ្លូវថ្នល់ នាពេលអនាគត។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានបង្ហាញការ​គាំទ្រ​ឱ្យ​ពិនិត្យលទ្ធភាពលើករណីកំណត់អាយុកាលនៃរថយន្តមួយទឹកសម្រាប់នាំចូល និងកំណត់អាយុកាលនៃរថយន្តដែលអនុញ្ញាតឱ្យបើកបរ។

សម្តេចក្រឡាហោម ក៏លើកទឹកចិត្តឱ្យមានការ​ពង្រឹងសមត្ថភាពមន្ត្រីជំនាញលើការងារអនុវត្តច្បាប់ រឹតបណ្តឹងការផ្ទេរក្របខណ្ឌការងារពីមន្ត្រីស៊ីវិល មកជាកងកម្លាំងសមត្ថកិច្ច និងតម្រូវឱ្យមានការធ្វើតែស្តសុខភាព ជាពិសេសតេស្តរកសារធាតុញៀន មុនពេលចូលបម្រើការងារ និងលើកកម្ពស់សមត្ថភាព និងគុណភាព ការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាទំនើបក្នុងការអនុវត្តច្បាប់ ដែលវានឹងចូលរួមក្នុងការកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សផងដែរ។

សូម​បញ្ជាក់ថា ​ពង្រាង «ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០»​នេះ ជាផែនទីបង្ហាញផ្លូវ ដើម្បី​ទប់ស្កាត់កាត់បន្ថយអ្នកស្លាប់និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាផែនការសកម្មភាពរយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១ -២០៣០ គឺជាផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី២ បន្តពីលើកទី១ ឆ្នាំ២០១១ -២០២១ ដែលបានអនុវត្តរួច៕