កណ្តាល៖ លោកចៅហ្វាយស្រុកកណ្តាលស្ទឹងសង្ស័យស៊ីឈ្នួលចិនហើយមើលទៅ ទើបហ៊ានទទួលធ្វើឯកសារភូតកុហកអភិបាលខេត្តកណ្តាលដោយមិនចេះអៀនខ្មាស់បែបនេះទៅវិញ ខណៈប្រធានរោងចក្រកំពង់កន្ទួត មេនូហ្វេកធឺរីង (ខេមបូឌា) ខូអិលធីឌី កំពុងរងនូវពាក្យបណ្ដឹងយ៉ាងច្រើនពីប្រជាពលរដ្ឋ ព្រះចៅអធិការ និងអាចារ្យគណកម្មការវត្តព្រៃរោង ដោះស្រាយមិនទាន់ចប់ផង ស្រាប់តែលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងធ្វើឯកសារឲ្យថៅកែរោងចក្រជនជាតិចិនខាងលើដោយកុហកឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលថា ដោះស្រាយចប់សព្វគ្រប់ហើយ ណាមួយកម្មករអត់ការងារធ្វើទៀតផង ប៉ុន្តែតាមការពិតប្រធានរោងចក្រខាងលើនេះ តែងតែបំពានច្បាប់ មិនគោរពតាមការណែនាំពីអាជ្ញាធរ រំលោភកិច្ចសន្យា និងមន្ទីរជំនាញជំនាញ និងមិនទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់ខ្លួន ដូចជាការយកកាកសំណល់ផ្លាស្ទីកចាក់ចោលលើដីកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ បង្ហូរទឹកមានសារធាតុគីមីចូលក្នុងដីរបស់ប្រជាពលរដ្ឋ និងអូរប្រឡាយរបស់រដ្ឋ។
យ៉ាងណាមិញ រឿងរ៉ាវរវាងប្រធានរោងចក្រខាងលើនិងប្រជាពលរដ្ឋ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅមិនទាន់មានដំណោះស្រាយនៅឡើយ ស្រាប់តែលេចព័ត៌មាននិងលិខិតថា ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលចំណារឲ្យឯកឧត្ដម ប៊ុន ផេង អភិបាលរងខេត្តកណ្តាលដឹកនាំលោកនាយកទីចាត់ការសាលាខេត្ត អន្តរវិស័យ រដ្ឋបាលសាលាខេត្ត មន្ទីរបរិស្ថានខេត្តកណ្តាល និងមន្ទីរឧស្សាហកម្មនិងនវានុវត្តន៍ចុះពិនិត្យ ស្រាវជ្រាវ និងដោះស្រាយ។
បើយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ព្រះចៅអធិការ និងអាចារ្យគណកម្មការវត្តព្រៃរោងសំណើសុំឲ្យលោកអភិបាលស្រុកកណ្ដាលស្ទឹង លោកប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលជួយអន្តរាគមន៍ដោះស្រាយករណីប្រធានរោងចក្រកំពង់កន្ទួត មេនូហ្វេកធឺរីង (ខេមបូឌា) ខូអិលធីឌី នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានបង្ហូរទឹកស្អុយហើយរមាស់ចូលអូរដែលប្រជាជនប្រើប្រាស់ជាប្រចាំ កាកសំណល់មានក្លិនស្អុយដែលមានសារធាតុគីមី និងយកកាកសំណល់ផ្លាស្ទីកចាក់ចោលលើដីកម្មសិទ្ធិឯកជន បង្កឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ ជាមួយគ្នានោះ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២បានចេញលិខិតលេខ៣៤២ ស.ជ.ណ ឲ្យប្រធានរោងចក្រកំពង់កន្ទួត មេនូហ្វេកធឺរីង (ខេមបូឌា) ខូអិលធីឌី ត្រូវដោះស្រាយបញ្ហាទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ព្រះសង្ឃ ជាបន្ទាន់ បញ្ហាដដែលៗ សុំបញ្ចប់កុំឲ្យកើតមានបន្តទៀត និងត្រូវធ្វើអាងប្រព្រឹត្តកម្មតាមលក្ខណៈបច្ចេកទេស ដោយត្រូវកំណត់ពេលវេលាធ្វើ និងពេលវេលាបញ្ចប់ ប៉ុន្តែផ្ទុយទៅវិញ ចំពោះការលើកឡើងរបស់លោកចៅហ្វាយស្រុកកណ្ដាលស្ទឹង ប្រធានរោងចក្រខាងលើមិនខ្ចីធ្វើតាម មិនគោរពតាមនោះទេ រហូតដល់សព្វថ្ងៃនេះ។ ជាងនេះសូម្បីលិខិតដែលចុះហត្ថលេខាដោយលោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ចំនួន០២លើកក៏មិនមានអំណាចអ្វីជាមួយប្រធានរោងចក្រខាងលើដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានរោងចក្រខាងលើ មិនត្រឹមតែមិនខ្លាចអំណាចចៅហ្វាយស្រុកកណ្តាលស្ទឹង និងប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលទេ ថែមទាំងបានប្រើចៅហ្វាយស្រុកកណ្ដាលស្ទឹងឲ្យធ្វើលិខិតសុំកិច្ចអន្តរាគមន៍ភូតកុហកឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលឲ្យជួយបើកដំណើរការអាជីវកម្មផលិតកម្មក្រុមហ៊ុនឡើងវិញដោយឥតអៀនខ្មាស់ឡើយ។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋរងគ្រោះ ក៏ដូចជាមហាជនកំពុងបើកភ្នែកចាំមើលថា តើរដ្ឋអំណាចខេត្តកណ្តាលនឹងអនុញ្ញាតឲ្យរោងចក្រកំពង់កន្ទួត មេនូហ្វេកធឺរីង (ខេមបូឌា) ខូអិលធីឌីបើកដំណើរយ៉ាងដូចម្ដេច បើប្រធានរោងចក្រខាងលើនេះ មិនទាន់ដោះស្រាយបញ្ហាផ្សេងតាមពាក្យបណ្ដឹងរបស់ពួកគាត់បាននៅឡើយផង ណាមួយប្រជាពលរដ្ឋក៏បានដាក់ប្ដឹងទៅក្រសួងបរិស្ថាន ដែលមានឯកឧត្ដម សាយ សំអាល់ ជារដ្ឋមន្ត្រីដើម្បីជួយអន្តរាគមន៍ដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ដែរ។
គួរជម្រាបជូនថា ប្រធានរោងចក្រកំពង់កន្ទួត មេនូហ្វេកធឺរីង (ខេមបូឌា) ខូអិលធីឌី មិនត្រឹមតែជួលដីប្រជាពលរដ្ឋរងគ្រោះដោយមិនបង់លុយឲ្យរាប់ខែនោះទេ ថែមទាំងបានឲ្យមេធាវីខ្លួនដាក់ពាក្យប្ដឹងឲ្យសាលាដំបូងខេត្តកណ្ដាល ចេញដីការសម្រេចរក្សាការពារដីរបស់ប្រជាពលរដ្ឋរងគ្រោះមិនឲ្យលក់ ដូរ ជួល បញ្ចាំ ដាក់ហ៊ីប៉ូតែក ដាក់ធានា ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ផ្ទេរកម្មសិទ្ធិ កែប្រែ ឬសាងសង់ សំណង់ការ្យទៀតផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299