បន្ទាយមានជ័យ÷ កូនបំណុលដែលអះអាងថា ជាជនរងគ្រោះឈ្មោះ ទុយ ម៉េងលី អាជីវកលក់ដូរនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីសំណាក់ក្រុមមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរហូតខ្លាចលែងហ៊ាននៅផ្ទះ។ នេះបើយោងតាមសម្ដីជនរងគ្រោះឈ្មោះ ទុយ ម៉េងលី បានប្រាប់ឲ្យបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ដឹងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
លោក ទុយ ម៉េងលី បានបន្តឲ្យដឹងទៀតថា រូបលោកជាកូនបំណុលហើយក៏ជាជនរងគ្រោះផងដែរ ដែលលោកបានយកប្លង់ដីចំនួន០២កន្លែងទៅដាក់បញ្ចាំឲ្យម្ចាស់ប្រាក់ឈ្មោះ ដួង វណ្ណា នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នូវទឹកប្រាក់ចំនួន២០០០០ដុល្លារ ហើយក្នុងកិច្ចសន្យាខ្ចីប្រាក់តម្រូវឲ្យលោកបង់ការប្រាក់ចំនួន៦% សរុបចំនួន១២០០ដុល្លារ ក្នុងមួយខែ តាំងពីឆ្នាំ២០២០មកម្ល៉េះ។
លោកបន្តថា លោកតែងតែបង់ការប្រាក់ឲ្យម្ចាស់បំណុលរាល់ខែ ពុំដែលអាក់ខានឡើយ ប្រមាណជា១ឆ្នាំ ប៉ុន្តែបន្ទាប់ពីការរាតត្បាតនៃជំងឺកូវិដ-១៩មក ធ្វើឲ្យអាជីវកម្មរបស់លោករអាក់រអួល បាត់បង់ចំណូលយ៉ាងច្រើន រហូតខ្វះខាត ពុំមានលទ្ធភាពបង់ទាំងប្រាក់ដើមនិងការប្រាក់ឲ្យម្ចាស់បំណុលរហូតទៅដល់ប្រមាណជា៩ខែ ប៉ុន្តែកំឡុងពេលអាក់ខាននោះ រូបលោកក៏បានជូនដំណឹងនិងសុំការយោគយល់ពីម្ចាស់បំណុលផងដែរ រហូតម្ចាស់បំណុលយល់ព្រម តែតម្រូវឲ្យលោកបូកការប្រាក់ទាំងនោះទៅជាប្រាក់ដើមទាំងអស់ ដោយសរុបប្រាក់ដើមឡើងដល់៣០៣០០ដុល្លារ ក៏លោកក្នុងនាមកូនបំណុលទទួលខុសត្រូវ ក៏យល់ព្រមតាមម្ចាស់បំណុលទៀត។ លោកបន្តទៀតថា ក្រោយមកលោកបានបង់ការប្រាក់ជូនម្ចាស់បំណុលបាន៣ខែទៀត ទើបមួយរយៈចុងក្រោយនេះ ខ្លួនពុំមានលទ្ធភាព ក៏អាក់ខានបង់៤ខែចុងក្រោយនេះគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់មកទៀត ស្រាប់តែលោកត្រូវបានម្ចាស់ប្រាក់បង្ខំនិងតម្រូវឱ្យលោកធ្វើកិច្ចសន្យាលក់ផ្ដាច់ ទើបយល់ព្រម លោកក៏យល់ព្រម ព្រោះបាននិយាយគ្នារួចហើយថា នេះគ្រាន់តែជាកិច្ចសន្យាតម្កល់ឲ្យអស់ចិត្តប៉ុណ្ណោះ ដោយមានសាក្សីដឹងឮផងដែរ។
លោកក៏បន្តឲ្យដឹងទៀតថា ក្រោយមកស្រាប់តែម្ចាស់បំណុលប្ដឹងលោកពីបទ «ឆបោក និងក្លែងឯកសារ» ហើយឲ្យខាងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកោះហៅរូបលោក ទាំងអត់ដីការ ទាំងមានដីការសរុបចំនួន០៤ដង ថែមទាំងបានឃាត់ខ្លួនលោករាប់ម៉ោង ទាំងអត់ដីការទៀតផង។ មិនតែប៉ុណ្ណោះ មេ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត តែងតែគំរាមរកចាប់ខ្លួនលោកម្ដងហើយម្ដងទៀត ធ្វើឲ្យលោកមានការភិតភ័យ ភ័យខ្លាចយ៉ាងខ្លាំងរហូតលែងហ៊ាននៅផ្ទះ ខណៈរូបលោកកំពុងខ្វះខាតប្រាក់កាក់យ៉ាងច្រើន ដែលត្រូវការពេលវេលាដើម្បីរកប្រាក់សងទៅម្ចាស់បំណុល។
លោក ទុយ ម៉េងលី បានបញ្ជាក់ប្រាប់ឲ្យដឹងបន្ថែមថា រូបលោកមិនមែនជាជនឆបោក ដូចការចោទប្រកាន់របស់ម្ចាស់បំណុលនោះទេ ផ្ទុយទៅវិញលោកដាក់ជាចម្ងល់វិញថា តើលោកឆបោកយ៉ាងម៉េច បើប្លង់ដីរបស់លោកនៅក្នុងដៃម្ចាស់បំណុលរហូតដល់ចំនួន០២ប្លង់ឯណោះ ហើយកិច្ចសន្យាខ្ចីប្រាក់ ហេតុអ្វីប្រែក្លាយជារឿងឆបោក រឿងក្លែងឯកសារឯណាឯណីទៅវិញ ឬមួយក៏អាងអំណាចលុយ អាងមានបក្សពួកជាក្រុមមន្ត្រីកងរាជអាវុធហត្ថ? ជាមួយគ្នានោះដែរ លោក ទុយ ម៉េងលី ក៏បានគោរពស្នើសុំការយោគយល់ពីម្ចាស់ប្រាក់ឲ្យបន្ធូរបន្ថយនិងទុកពេលវេលាជូនលោកដើម្បីមានឱកាសរកប្រាក់យកមកសង និងសុំសងតាមការគោលការណ៍ច្បាប់១៨%ក្នុងមួយឆ្នាំ។
ជាថ្មីម្ដងទៀត លោក ទុយ ម៉េងលី ក៏សំពះគោរពស្នើសុំដល់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស មេត្តាជួយអន្តរាគមន៍ពិនិត្យមើលពីទង្វើរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនិងមន្ត្រីក្រោមឱវាទផង ព្រោះពួកគាត់តែងតែគំរាមកំហែងដល់គាត់ អាងចាប់ អាងចងមិនរកហេតុផលឲ្យបានត្រឹមត្រូវនោះទេ និងបានបំភិតបំភ័យដល់គាត់ក្នុងនាមជាកូនបំណុលនិងជាជនរងគ្រោះទៀតផង។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន ពេញចិត្តមេឌា មិនទាន់បានសម្ភាសន៍ដល់មេកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងម្ចាស់បំណុលនៅឡើយនោះ ព្រោះពុំមានលេខទូរស័ព្ទដែលអាចទំនាក់ទំនងបាន។ យ៉ាងណាមិញ អង្គភាពសារព័ត៌មាននឹងធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ក្រោយទទួលបានព័ត៌មានបន្ថែមជុំវិញរឿងហេតុខាងលើនេះ៕
ដោយ: សុិន ខ្វាន់ឆា
ទំនាក់ទំនងការិយាល័យនិពន្ធ:010840732/061881299