ខេត្តតាកែវ ៖ ក្មេងស្រីម្នាក់កំពុងរៀនថ្នាក់ទី៤នៃសាលាបឋមសិក្សាព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបាត់បង់ភ្នែកម្ខាងទាំងវ័យក្មេង ដែលពលរដ្ឋអ្នកឃើញនិងដឹងឮហេតុការណ៍នេះ ថា ជាការធ្វេសប្រហេសរបស់លោកនាយកសាលាបឋមនេះតែម្តង។
ជាងនេះទៅទៀត ក្រោយរបួសត្រូវភ្នែកភ្លាមៗ គឺឪពុកម្តាយក្មេងស្រីដែលមានជីវភាពក្រីក្រផងនោះ ត្រូវបង្ខំចិត្តយកកូនទៅព្យាបាល ដោយមិនបានទទួលថវិកាសម្រាប់សង្គ្រោះពីគណៈគ្រប់គ្រងសាលានោះទេ ទាំងដែលករណីនេះ គឺជាការទទួលខុសត្រូវមួយភាគធំរបស់លោកនាយកសាលា។ ហើយអ្វីដែលហួសថ្លែងនោះ គឺថា គ្មានកំណត់ហេតុ លើករណីនេះទេ គឺនិយាយគ្នាតែពាក្យសម្តីរវាងនាយកសាលានិងឪពុកម្តាយក្មេងស្រីរងគ្រោះប៉ណ្ណោះ។
ពលរដ្ឋអ្នកដឹងឮរឿងនេះបានបញ្ជាក់ថា មុនពេលកើតហេតុវេលាព្រឹក លោកនាយកសាលាបានប្រើក្មេងប្រុសម្នាក់ដែលរៀនថ្នាក់ទី៦ កាន់ម៉ូទ័រកាត់ស្មៅដើម្បីសម្អាតទីធ្លាសាលាទាំងដែលក្មេងប្រុសនោះគ្មានជំនាញនិងតួនាទីអ្វីក្នុងសាលាក្រៅពីមករៀន។ ពេលកំពុងកាត់ស្មៅ គាប់ជូនក្មេងស្រីឈ្មោះ យ៉ុន លក្ខិណា រៀនថ្នាក់ទី៤ (ខ) ដើរទៅជិតក៏ខ្ទាតដំថ្មត្រូវភ្នែកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ហើយមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ភ្នែករបស់គាត់បានខូចទាំងស្រុង ដោយមិនអាចព្យាបាលបាន។
ឆ្លើយតបជាមួយនិងអ្នកសារព័ត៌មានលោកមុឹង សុប៊ុនណានាយកសាលាបឋមសិក្សាព្រៃល្វាបានទទួលស្គាល់ថា ពិតជាមានករណីដែលកើតឡើងជាយថាហេតុលើក្មេងស្រីរងគ្រោះខាងលើប្រាកដមែន។ ដោយឡែកលោកអែម អនប្រធានការិយល័យអប់រំស្រុកព្រៃកប្បាសវិញបានបកស្រាយថារឿងនេះដោះស្រាយរួចរាល់ហើយដោយឪពុកម្ដាយសិស្សមិនបានប្តឹងទេដោយពួកគាត់ទទួលយកតាមការសម្របសម្រួលពីសំណាក់លោកនាយកសាលា។
ចំណែកលោក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស់បានឲ្យដឹងថា លោកអត់ទទួលបានព័ត៌មានខាងលើនេះទេ ព្រោះគ្មានពាក្យបណ្តឹងពីអាណាព្យាបាល។ លោកអធិការបញ្ជាក់ថា បើមានពាក្យបណ្តឹងលោកនិងបើកការស្រាវជ្រាវ។
ក្រោយដឹងថា ក្មេងស្រីរងគ្រោះពិកាភ្នែកម្ខាងទាំងស្រុង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការ ស.ស.យ.ក.ស្រុកព្រៃកប្បាស បានចូលរួមជាមួយរដ្ឋបាលស្រុកព្រៃកប្បាស លោកប្រធានក្រុមប្រឹក្សាឃុំព្រៃល្វា លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោកនាយក លោកគ្រូ អ្នកគ្រូ បានទៅចូលរួមសួរសុខទុក្ខនិងបាននាំយកថវិកាឧបត្ថម្ភសរុបចំនួន១,១០០,០០០រៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនជូនគ្រួសារក្មេងស្រីរងគ្រោះ។
គួរបញ្ជាក់ថាគ្រួសាក្មេងស្រីខាងលើក្រីក្រខ្លាំងណាស់ដូច្នេះសូមថ្នាក់ដឹងនាំជួយផ្គត់ផ្គង់ផង៕