បាត់ដំបង៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបមេខ្លោងដែលបើកល្បែងស៊ីសងខុសច្បាប់ រាប់តាំងពីមេឆ្នោត មេឡូតូ និងបនល្បែងខុសច្បាប់ដទៃទៀត។ ការថ្លែងជាសាធារណៈបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា គឺរយៈពេលជាងមួយសប្ដាហ៍បន្ទាប់ពីលោកបានដាក់ចេញប្រតិបត្តិការទ្រង់ទ្រាយធំក្នុងការបង្ក្រាបល្បែងស៊ីសងនៅទូទាំងប្រទេស។
ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងបាត់ដំបង ទាំងមូល បានអំពាវនាវ ឲ្យលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ចាត់វិធានការបង្ក្រាបល្បែងឆ្នោតកន្ទុយលេខយួន-សៀម ដែលឈ្មោះ ស្រីអូន ជាមេធំ នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងនិងខេត្តបាត់ដំបង ជាបន្ទាន់ផង ដើម្បីពង្រឹងសន្តិសុខសង្គម ឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំ៧ចំណុច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។
ប៉ុន្តែរហូតមកដល់ពេលនេះ បើទោះបីជាមានសារព័ត៌មាននៅក្នុងស្រុកជាច្រើន អង្គភាពបានចុះផ្សព្វផ្សាយយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចនៅក្នុងខេត្តបាត់ដំបងទាំងមូល ហាក់បីដូចជាមិនចាប់អារម្មណ៍ និងគ្មានឆន្ទៈក្នុងការបង្ក្រាបល្បែងកន្ទុយលេខមួយនេះឡើយ ដោយគេចាត់ទុកថា ជារឿងល្បែងធម្មតាតែប៉ុណ្ណោះ មិនមែនជាល្បែងខុសច្បាប់ឡើយ ទើបអស់លោកសមត្ថកិច្ច និងអាជ្ញាធរក្រុងនិងខេត្តបាត់ដំបង មិនយកចិត្តទុកដាក់បង្ក្រាបនោះ ឬក៏អស់លោកទទួលលាភសក្ការគ្រប់គ្នាអស់ហើយទេដឹង?
បើតាមប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងក្រុងបាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងស្រដៀងគ្នា ថា មានមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ នៅក្នុងខេត្តបាត់ដំបងនេះ នៅចាំទទួលផលប្រយោជន៍(លុយ) ពីមេឆ្នោតឈ្មោះស្រីអូន នេះផងដែរ ទើបគ្មានសមត្ថកិច្ចនគរបាល ឬអាវុធហត្ថណាចាត់វិធានការបង្ក្រាបល្បែងឆ្ឆ្នោតកន្ទុយលេខយួន-សៀម ។
ជាក់ស្ដែងលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានរក្សាភាពស្ងៀមស្ងាត់ទៅហើយ ទុកឲ្យមេឆ្នោត ឈ្មោះស្រីអូន បើកល្បែងកន្ទុយលេខឆ្នោតយួន-សៀម តាមអំពើចិត្តរបស់ខ្លួន មិនខ្លាចញញើតច្បាប់ សូម្បីតែបន្តិចសោះ ។
ប្រភពពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា មេល្បែងកន្ទុយលេខឆ្នោតយួន-សៀម មានប្តី ជាមន្ត្រីរាជការប្រើការងារ នៅស្នងការដ្ឋានខេត្តបាត់ដំបងផងដែរ។ ដូច្នេះហើយ ទើប ឈ្មោះស្រីអូនមេកន្ទុយលេខ ឆ្នោតយួន-សៀម មានសិទ្ធិអំណាចយ៉ាងធំធេង ក្នុងការបើកល្បែងស៊ីសងខុសច្បាប់ យ៉ាងក្រអឺតក្រទម មិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។
ពលរដ្ឋក្នុងក្រុងបាត់ដំបង បានឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្នល្បែងកន្ទុយលេខ ឆ្នោយយួន-សៀម រាលដាលកាន់តែខ្លាំងឡើងៗ ហើយមិនទាន់ឃើញលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង និងលោកឧត្តមសេនីយ៍ទោ សាត គឹមសានស្នងការនគរបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបនោះទេ ។ ដូច្នេះ ទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សុខ លូ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងស៊ីសង ជាពិសេសល្បែងកន្ទុយលេខឆ្នោតយួន-សៀម របស់ស្រីអូន ដែលជាមេធំផងដែរ ជាបន្ទាន់ ដើម្បីកុំឲ្យរាលដាលកាន់តែខ្លាំងជាងមុនទៅទៀត៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299