សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថាៈ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រទេសកម្ពុជា ជាម្ចាស់ផ្ទះរៀបចំ នាឆ្នាំ២០២២នេះ គឺស្ថានការណ៍នៅប្រទេសអ៊ុយក្រែន ជាដុំថ្មក្ដៅបំផុត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែង ក្នុងពេលសម្ដេចអញ្ជើញធ្វើសន្និសីទ សារព័ត៌មាន នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ថា ស្ថានការណ៍នៅអ៊ុយក្រែន គឺជាបញ្ហាក្ដៅបំផុត សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នាឆ្នាំ២០២២ នេះ ដែលប្រទេសចូលរួម មានជំហរលើកឡើងផ្សេងៗគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាៈ «ចំពោះស្ថានការណ៍ នៅអ៊ុយក្រែន ខ្ញុំអាចនិយាយបានថា ជាដុំថ្មក្ដៅបំផុត ដែលអាចមើលឃើញថា មានជំហរ ផ្សេងៗគ្នា ជាពិសេសក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ីបូពា»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចមានក្ដីរីករាយដែលកម្ពុជា អាចរៀបចំជាម្ចាស់ផ្ទះប្រជុំនេះ ដែលសមាសភាព ចូលរួមមានជំហរផ្សេងៗ អាចផ្លាស់ប្ដូរទស្សនៈដ៏ស្មោះត្រង់ លើបញ្ហានេះ ។ យើងបានបញ្ជាក់ឡើងវិញ នូវការគោរព ចំពោះអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី៕