សង្គម

សូមថ្វាយព្រះរាជមហាកុសល ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួប១០០ព្រះវស្សានៃថ្ងៃប្រសូត (៣១ តុលា ១៩២២-៣១ តុលា ២០២២)

ទូលព្រះបង្គំ ថាំង ប៊ុនសុង ចាងហ្វាង គេហទំព័រព័ត៌មាន ថ្មីពិត និង សហការី សូមថ្វាយព្រះរាជមហាកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរក្សត្រកម្ពុជា សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមបួងសួងដល់ ព្រះតេជានុភាពព្រះវិញ្ញាណក្ខន្ធដ៏មានឫទ្ធានុភាព នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជួយប្រោះព្រំសព្ទសាធុការពរជ័យ ដល់ប្រជារាស្ត្រខ្មែរគ្រប់រូប និង មាតុភូមិជាទីស្នេហានៃយើង សូមប្រកបដោយ សេចក្តីសុខក្សេមក្សាន្ត សន្តិភាព និង វឌ្ឍនភាព ជានិច្ចនិរន្តរ៍។

ទូលព្រះបង្គំជាខ្ញុំ ចងចាំជានិច្ច ព្រះរាជឱង្ការបស់ព្រះករុណា និងថ្ងៃដ៏ពិសេស ៣១ កក្កដា ២០០៧ ដែលទូលព្រះបង្គំបានចូលក្រាបថ្វាយបង្គំ និងទទួលមេដាយមាសដ៏ឧដុង្គឧត្តមពីព្រះករុណាថ្លៃវិសេស នៅក្នុងព្រះរបមរាជវាំង។

ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះបិតាឯករាជ្យជាតិខ្មែរ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា ទាមទារឯករាជ្យជាតិពី បារាំង នៅ ថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ដែលបានធ្វើឲ្យកម្ពុជាទទួលបានឯករាជ្យពេញលេញ ការកសាង និងការបង្រួបបង្រួមជាតិ។

គួររំលឹកថា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ទ្រង់បានយាងសោយព្រះទិវង្គត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។