សង្គម

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព បិទពិធីអុំទូកនៅក្រុងតាខ្មៅ

កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ទី៣០​ ខែតុលា ឆ្នាំ២០២២នេះ បានឆ្លៀតពេលដ៏មមាញឹកពីការងារបម្រើជាតិ អញ្ជើញជាអធិបតីភាពបិទពិធីបុណ្យអុំទូកនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

នាឱកាសដ៏រីករាយនោះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរអាជ្ញាធរខេត្តកណ្តាល ដែលបានរៀបចំពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ។

សម្តេចតេជោបានចូលរួមអបអរសាទរជាមួយចំណុះទូកទាំងអស់ ដែលបានចូលរួមប្រកួត។ តាមការពិធីបុណ្យអុំទូកនេះ សម្តេចតេជោ បានថ្លែងកត់សម្គាល់ថា ទោះបីពលរដ្ឋខ្មែរមានមាននិន្នានយោបាយខុសគ្នា តែនៅតែមានការសាមគ្គីគ្នា ក្រោមម្លប់សុខសន្តិភាព។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារតែកម្ពុជា មានសុខសន្តិភាព ទើបមានការជួបជុំយ៉ាងសប្បាយបែបនេះ ដោយមិនខ្លាចមានគ្រាប់ផ្លោង ដោយបណ្តាប្រទេសមួយចំនួន។ ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋឱ្យរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីនាំមកនូវភាពសប្បាយរីករាយ។

គួរជម្រាបជូនថា ក្នុងពិធីបុណ្យអុំទូកនៅក្រុងតាខ្មៅ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន៩២ទូក ក្នុងនោះ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ៤ទូក សរុបចំណុះទូក ចំនួន ៤ ៥០៦នាក់ និងមានកម្លាំងត្រៀមការពារសន្តិសុខសុវត្តិភាពចំនួន៧៨៤នាក់។

ពិធីនេះធ្វើឡើងដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។ ជាពិសេស រដ្ឋបាលខេត្តកណ្តាលបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំបណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសម័យ ដែលមានតារាចំរៀងល្បីៗនៅកម្ពុជាចូលរួមផងដែរ៕