បន្ទាប់ពីប្រជាពលរដ្ឋ សម្តែងការរិះគន់លើការចុះអនុវត្តច្បាប់បិទតារាងបាល់ទះតាមភូមិស្រុកមួយចំនួន ដែលមានការលេងភ្នាល់ដាក់លុយធំ ថាជាការបំបិទសិទ្ធិពលរដ្ឋនោះ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចេញមុខគាំទ្រចំណាត់ការអាជ្ញាធរ ព្រោះបើបណ្តោយឲ្យមានការប្រកួតជាលក្ខណៈភ្នាល់លុយធំ វាបង្កជាការលំបាកដែរ។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថា«ការបិទតារាងបាល់ទះមួយកន្លែងនៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៦ ខែតុលា ថ្មីៗនេះ ដោយសារពាក់ព័ន្ធនឹងការលេងភ្នាល់លុយធំរាប់ពាន់ដុល្លារ ដែលជាលក្ខណៈប្រព្រឹត្តបទល្បែងស៊ីសង។ លោកថា ការលេងដើម្បីសុខភាព មិនមានការហាមឃាត់ឡើយ តែហាមដាច់ខាតចំពោះការភ្នាល់ល្បែងស៊ីសង ដែលក្នុងទំហំលុយច្រើនៗ។ អគ្គលេខាធិការរូបនេះ បន្ថែមថា «គោលនយោបាយឃុំ-សង្កាត់មានសុវត្ថិភាព គឺល្បែងស៊ីសងមិនអាចមានបានទេ។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំសហព័ន្ធ បានចុះណែនាំនៅតាមតារាងបាល់ ដែលយើងចង់ដឹងថា គាត់មានបង្កប់នៅល្បែងស៊ីសង ឬអត់។ តារាងបាល់ខ្លះ មានបង្កប់ល្បែងស៊ីសង និងភ្នាល់ដល់រាប់លានរៀល..គួរត្រូវបិទ ប៉ុន្តែបើគ្រាន់តែជាការប្រកួតដាក់ទឹក មិនចាត់ទុកជាល្បែងស៊ីសងទេ គឺគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះ»។
លោក អាំង សិរីពិសិដ្ឋ បន្តថា «ពេលខ្លះគាត់បើកតារាងបាល់ ឬក៏ជាកីឡាផ្សេងៗ ប៉ុន្តែធាតុពិតនៅខាងក្នុងមានបង្កប់ល្បែងស៊ីសងរួចជាស្រេចហើយ។ មែនទែនទៅ បើគ្រាន់តែភ្នាល់ដាក់ទឹក វាគ្រាន់ជាការកម្សាន្តប៉ុណ្ណោះ ប៉ុន្តែតារាងខ្លះតាមដែលការសង្កេត មានការភ្នាល់រហូតដល់រាប់លានរៀលក៏មានដែរ ខ្ញុំជឿជាក់ថា យើងមិនមានការតឹងរ៉ឹងរឹតត្បិតដល់ថ្នាក់ហ្នឹងទេ»។
សូមបញ្ជាក់ថា រដ្ឋបាលស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី២៧ ខែតុលា បានចេញលិខិតបំភ្លឺព័ត៌មាន ទាក់ទងនឹងមហាជនបញ្ចេញមតិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ចំណាត់ការនៅតារាងបាល់ទះមួយកន្លែង ស្ថិតនៅភូមិ មានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គឺបានបិទព្រោះមានការភ្នាល់ប្រាក់រហូតជិតដល់ពាន់ដុល្លារ។ គណៈបញ្ជាការរដ្ឋបាលស្រុក ពុំមានការហាមឃាត់នោះទេចំពោះការលេងដើម្បីសុខភាព មានតែការលើកស្ទួយបន្ថែម៕