ពេលនេះបានដឹងការពិតហើយបន្ទាប់ពីមានសារព័ត៌មានជាច្រើន ធ្វើការផ្សព្វផ្សាយពាក់ព័ន្ធមន្ទីរពេទ្យជាច្រើនកន្លែងបើកដំណើរការ ដោយលួចប្រើប្រាស់ឈ្មោះលោកវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះ (ខ្មោច) យកមកប្រើប្រាស់ដោយគ្មានការអនុញ្ញាត ពេលនេះត្រូវបានបិទក្រណាត់ក្រហមអស់ហើយ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ មន្ទីរពហុព្យាបាល ចំនួនបីកន្លែង ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល១កន្លែង និង២កន្លែងស្ថិតនៅរាជធានីភ្នំពេញ ដែលប្រើប្រាស់ឈ្មោះលោកវេជ្ជបណ្ឌិត កែវ ការីណូ ដែលលោកវេជ្ជបណ្ឌិតរូបនេះស្លាប់បាត់បង់ជីវិតយូរមកហើយ ត្រូវបានបិទបាំងដោយក្រណាត់ក្រហម។
យោងតាមប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល លោក គួយ ប៊ុនធឿន បានប្រាប់សារព័ត៌មានយើងថា «មូលហេតុដែលឈានដល់ការបិទក្រណាត់ក្រហម លើផ្លាកយីហោ មន្ទីរពហុព្យាបាល និងសម្ភព សុខ សុវណ្ណ ដោយសារតែមន្ទីរពេទ្យមួយនេះមិនមានច្បាប់អនុញ្ញាតនោះទេ ហើយថែមទាំងមន្ទីរពេទ្យមួយនេះប្រើប្រាស់ឈ្មោះលោកវេជ្ជបណ្ឌិត កែវ ការីណូ ដែលជាឈ្មោះ (ខ្មោច)»។
ចំណែកឯទីតាំងដែលធំជាងគេស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានយីហោ «ពហុព្យាបាល សម្ភព កែវ ការីណូ» លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានដែរថា៖ លោកបានបញ្ជាឱ្យមន្ទីរពេទ្យទាំងនោះបិទទាំងអស់ហើយ ពោលគឺ៖ មិនឱ្យមានការទទួលព្យាបាលអ្នកជំងឺបន្តទៀតនោះទេ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានទៀតថា៖ មូលហេតុដែលឈានទៅដល់ការបញ្ជាឱ្យបិទនូវទីតាំងមន្ទីរពេទ្យទាំងនោះ គឺដោយសារតែមន្ទីរពេទ្យទាំងនោះមិនមានច្បាប់អនុញ្ញាត។
ករណីខាងលើនេះយើងនៅមិនទាន់ដឹងច្បាស់នោះទេ ពីជោគវាសនា របស់បក្សពួកជនខិលខូចដែលបានរួមគំនិតគ្នាលួចបើកមន្ទីរពេទ្យដោយខុសច្បាប់។
មហាជននិងអ្នកសារព័ត៌មានជាច្រើន ក៏បានសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលលោកអសមត្ថភាពយ៉ាងខ្លាំងក្នុងការបណ្តោយឱ្យមានមន្ទីរពេទ្យគ្មានច្បាប់ជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញដែលជាដែនគ្រប់គ្រងរបស់ខ្លួន។
មហាជនជាច្រើនសូមអំពាវនាវទទូចស្នើសុំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង សូមចាត់វិធានការស្រាវជ្រាវស៊ើបអង្កេតចំពោះករណីមន្ទីរពេទ្យគ្មានច្បាប់តែអាចបើកដំណើរការបានដោយរលូនខាងលើនេះផងទាន តើមានរឿងអ្វីនៅពីក្រោយឬយ៉ាងណាចំពោះមន្ទីរពេទ្យដែលគ្មានច្បាប់ទាំងអស់នោះ។
សូមបញ្ជាក់ថា៖ ជុំវិញករណីខាងលើនេះ មហាជនជាច្រើនក៏ដូចជាអ្នកសារព័ត៌មាន នៅទាន់ទទួលបានការបំភ្លឺជាផ្លូវការ ពីខាង ក្រសួងសុខាភិបាលកម្ពុជានោះទេ!
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299