កាលពីវេលាម៉ោងប្រមាណ ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីលិចទូកចម្លង ស្ថិតនៅក្នុងភូមិសាស្ត្រភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល បណ្តាលឱ្យមនុស្សជាច្រើននាក់ ដែលភាគច្រើនជាក្មេងៗបានបាត់ខ្លួន។
បើតាមសេចក្តីរាយការណ៍ចុងក្រោយនៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ករណីលិចទូកនេះ គេបានរកឃើញមនុស្សចំនួន៤នាក់ ក្នុងនោះស្លាប់២នាក់ និង២នាក់ទៀតកំពុងសង្រ្គោះ ខណៈមនុស្សចំនួន៨នាក់ទៀតបានបាត់ខ្លួន។
បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដែលដឹកនាំកម្លាំងជួយរុករកជនរងគ្រោះនៅកន្លែងទូកលិច បានបញ្ជាក់ថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅពេលកូនសិស្សបានចេញពីរៀន រួចក៏ជិះទូកឆ្លងទៅកាន់ផ្ទះរបស់ពួកគេ នៅលើកូនកោះក្នុងភូមិកោះចំរើន (លើកោះមានប្រហែល៣០០គ្រួសាររស់នៅ) ស្រាប់តែជួបគ្រោះអកុសលបែបនេះតែម្តង។ លោកថា កន្លងទៅមិនមានគ្រោះថ្នាក់បែបនេះកើតឡើងនោះឡើយ តែលើកនេះមកពីទឹកឡើងទើប ជួបហេតុការណ៍អាក្រក់នេះតែម្តង៕