សង្គម

ដើមខែតុលា កម្ពុជាទទួលបានភ្ញៀវជាង៣៧ម៉ឺននាក់, ផ្លូវល្បឿនលឿនទាក់ទាញភ្ញៀវទៅព្រះសីហនុច្រើនដាច់គេ

ក្រសួងទេសចរណ៍បានអោយដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២២ មានចំនួនសរុប៣៧៤,៨៩៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៥២,៨៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន២២,០១១នាក់។

តួលេខខាងលើមានការកើនឡើង២៤.៨% ប្រសិនបើធៀបនឹងសប្តាហ៍ធម្មតាមុនពិធីបុណ្យភ្ជុំបិណ្ឌ។

ការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺបានទាក់ទាញចរន្តភ្ញៀវទេសចរឱ្យទៅលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើនជាងគេ ដែលមានចំនួនដល់ទៅ១២៨,៣០៧នាក់។

គួរជម្រាបថា ការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ ពិសេសការរៀបចំឆ្នេរខ្សាច់កម្សាន្ត និងការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ។

ក្រៅពីនេះមានគោលដៅខេត្តបាត់ដំបង៨៨,៨៦៨នាក់ ខេត្តកំពង់ចាម៤៧,៤៥៨នាក់ ខេត្តសៀមរាប២៣,៦៦៥នាក់ រាជធានីភ្នំពេញ១៧,០៤៥នាក់ និងខេត្តកំពត១៤,៤១៦នាក់។ រាជធានី-ខេត្តទាំង៦នេះសុទ្ធតែជាគោលដៅដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ នាសប្ដាហ៍ដើមខែតុលាឆ្នាំ២០២២នេះ៕