យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះព្រះហស្ថលេខានៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានបង្គាប់បញ្ចប់មុខតំណែងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីថ្ងៃចុះព្រះហត្ថលេខានេះទៅ។
ជាមួយគ្នា នៅថ្ងៃនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ចាត់តាំង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន។
សេចក្តីសម្រេចបានបញ្ជាក់បន្ថែមថា រដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបានការចាត់តាំងខាងលើ ប្រើប្រាស់សិទ្ធិអំណាចទាំងអស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីដឹកនាំ និងគ្រប់គ្រង ការងាររបស់ក្រសួង អង្គភាពចំណុះរបស់ក្រសួង ព្រមទាំងមន្ដ្រីរាជការ និងបុគ្គលិកដែលជាភ្នាក់ងាររដ្ឋបាល នៅក្រោមឱវាទរបស់ខ្លួន៕