សង្គម

ពលរដ្ឋស្នើអាជ្ញាធរខណ្ឌដង្កោ ចាត់វិធានការ លើសំរាម កាកសំណល់ប្លាស្ទិច ការបង្ហូរទឹកកខ្វក់ចូលក្នុងប្រឡាយជប៉ុននៅមុខបុរីពិភពថ្មី គួរស្រូវ០៣!

ភ្នំពេញ៖ តើអ្វីទៅជាបរិស្ថានបរិស្ថាន? បរិស្ថានមានន័យថា អ្វីៗដែលនៅជុំវិញខ្លួនយើង និងខ្លួនយើងផងដែរ រាប់ទាំងភាវៈមានជីវិត​ និងគ្មានជីវិតទាំងអស់នៅលើផែនដីមានទំនាក់ទំនងនិងគ្នាទៅវិញទៅមក ហើយអាចជះឥទ្ធិពលពីគ្នាទៅវិញទៅមកដោយផ្ទាល់ និងដោយប្រយោល។

តើអ្វីជាការបំពុលខ្យល់? ការបំពុលខ្យល់ គឺជាបញ្ហាគ្រោះថ្នាក់មួយ ដែលខ្យល់មិនបរិសុទ្ធ និងមានសារធាតុពុល គំរាម​កំហែង​ដល់​ជីវិត​មនុស្ស​។ យោងតាម សន្ទស្សន៍ការអនុវត្តបរិស្ថាន ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៦២ លើ១៧៨ ប្រទេសផ្អែកលើគុណភាពខ្យល់ នៅក្នុងឆ្នាំ២០១៤។

តើអ្វីជាការបំពុលទឹកហើយធ្វើឱ្យមានការប៉ះពាល់ដល់អ្វីខ្លះ? ការបំពុលទឹក ធ្វើឱ្យមានការប៉ះពាល់ដោយផ្ទាល់ដល់បរិស្ថាន ហើយវាក៏ប៉ះពាល់ទាំងដោយផ្ទាល់ និងដោយ​ប្រយោល​​ដល់មនុស្ស​និង​សត្វផងដែរ។ ការប្រើប្រាស់ទឹកស្អាត និងប្រកបដោយនិរន្តរភាព នៅតែជាបញ្ហាប្រឈមមួយ ជាពិសេស​គ្រួសារ​នៅ​តាម​ជន​បទ​។ គួរ​ឱ្យ​កត់​សម្គាល់​ផងដែរ ទឹកទន្លេ ដែលរងការបំពុល នៅតែ​ជាប្រភព​ទឹក​សំខាន់​សម្រាប់​ការ​ប្រើ​ប្រាស់ប្រចាំ​ថ្ងៃ​របស់ប្រជាជន ដោយហេតុថា ហេដ្ឋារចនា​សម្ព័ន្ធ និងបរិក្ខាទឹក នៅមានកម្រិតនៅឡើយ។ ទឹកកខ្វក់ ឬរងការបំពុល ជា​លទ្ធផល​បណ្តាល​មកពី ឧស្សាហកម្មរ៉ែ និងសកម្មភាពឧស្សាហកម្មផ្សេងៗទៀត ដែលនាំឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​មនុស្ស​។

យ៉ាងណាមិញ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋល្អបានឲ្យ ដឹងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះថា សំរាម និងកាកសំណល់ប្លាស្ទិចជាច្រើនបានកំពុងអណ្ដែតលើផ្ទៃទឹកប្រឡាយជប៉ុនមួយខ្សែ ស្ថិតនៅមុខបុរីពិភពថ្មី គួរស្រូវ៣ ក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទឹកមានពណ៌ខ្មៅ ក្លិនស្អុយយ៉ាងខ្លាំង ជាហេតុធ្វើឱ្យមានការប៉ះពាល់ដោយផ្ទាល់ដល់បរិស្ថាន ហើយក៏ប៉ះពាល់ទាំងដោយផ្ទាល់ និងដោយ​ប្រយោល​​ដល់មនុស្ស​និង​សត្វ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះ។

បើយោងតាមប្រជាពលរដ្ឋរស់នៅក្បែរនោះបានឲ្យដឹងនៅថ្ងៃនេះថា មូលហេតុដែលទឹកក្នុងប្រឡាយពណ៌ខ្មៅ និងមានក្លិនស្អុយយ៉ាងខ្លាំងដូច្នេះដោយសារមានអ្នករស់នៅជាប់ប្រឡាយនោះ បង្ហូរទឹកស្អុយ បោះសំរាមចូល ព្រោះថានៅម្ដុំនោះអត់មានលូសម្រាប់បង្ហូរទឹកចេញនេះទេ មានតែបង្ហូរចូលប្រឡាយនេះ។

ជាក់ស្តែងនៅរសៀលនេះ ភ្នាក់ងារព័ត៌មាន  បានចុះទៅដល់ទីតាំងបានសង្កេតឃើញថា ទឹកក្នុងប្រឡាយជប៉ុនខាងលើនេះពិតមានសំរាម កាកសំណល់ប្លាស្ទិច អណ្តែតពាសពេញទឹក ហើយទឹកមានក្លិនស្អុយយ៉ាងខ្លាំងរហូតដល់យើងសឹងទប់មិនឲ្យក្អួតសឹងមិនបាន។ មួយទៀតពេលចុះដល់ខ្យល់ដែលមកប៉ះមុខនិងខ្លួនយើង បានធ្វើឲ្យរមាស់ ក្លិនស្អុយជាប់ច្រមុះនិងសម្លៀកបំពាក់ទៀតផង។

ជាងនេះទៅទៀត ភ្នាក់ងារព័ត៌មានយើងក៏បានសង្កេតឃើញទៀតថា ពិតជាមានការបង្ហូរទឹកកខ្វក់ចេញពីផ្ទះជួល និងរោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់និងរោងចក្រកែច្នៃផ្សេងទៀតប្រាកដមែន។

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋក៏បានស្នើសុំដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់វិធានការទប់ស្កាត់ឲ្យបានលឿនរហ័សបំផុត និងចាត់មន្ត្រីជំនាញមកត្រួតពិនិត្យ និងធ្វើការផាកពិន័យឲ្យបានតឹងរ៉ឹងបំផុតផងចំពោះថៅកែរោងចក្រនិងម្ចាស់ផ្ទះជួលឲ្យកម្មករទាំងនោះ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299