សង្គម

ហៅប្រជាជនប្រមាណ ៦០នាក់ មកចែកអំណោយដើម្បី បង្ខំឲ្យផ្តិតមេដៃ មិនច្បាស់ថាគាំទ្ររឿងអ្វីនោះទេ?

កណ្តាល៖ តើលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងមានដឹងរឿងថៅកែរោងចក្រ កំពង់ កន្ទួត មេនូហ្វកធឺរីង (ខេមបូឌា) ខូ អិលធីឌី ហៅប្រជាជនក្នុងមូលដ្ឋានរបស់លោកមកចែកអំណោយនិងបង្ខំឲ្យផ្ដិតមេដៃគាំទ្រនូវសកម្មភាពអ្វីមួយរបស់ម្ចាស់រោងចក្រខាងលើដែរឬទេ?

តាមប្រភពព័ត៌មានដែល ពេញចិត្តមេឌា ទទួលបានពីប្រជាពលរដ្ឋនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះថា នៅថ្ងៃនេះ គេសង្កេតឃើញប្រជាពលរដ្ឋជាច្រើននាក់បានដើរចេញដើរចូលក្នុងរោងចក្រកំពង់ កន្ទួត មេនូហ្វកធឺរីង (ខេមបូឌា) ខូ អិលធីឌី នៅស្រុកកណ្តាលស្ទឹង ហើយរាល់ពេលដើរចេញគេឃើញប្រជាពលរដ្ឋនាំគ្នាកាន់ មី១កេស អង្ករ៥គីឡូ ត្រីខ៣កំប៉ុងអោបនៅជាប់ដៃ។

តាមប្រភពបានបន្តឲ្យដឹងទៀតថា ប្រជាពលរដ្ឋនៅភូមិវាលកណ្ដោល អូរអណ្ដូង ស្វាយមីង ដីដុះ និងប្រជាពលរដ្ឋមួយចំនួនទៀតប្រមាណជា៦០នាក់បានមកទទួលអំណោយខាងលើពីកៅថែរោងចក្រផលិតក្រដាសដែលកំពុងរងនូវពាក្យបណ្ដឹងជាច្រើនពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះតែថៅកែរោងចក្រខាងលើនេះ បានលួចបង្ហូរទឹកមានសារធាតុពុលចូលក្នុងដីស្រែ ដីចំការ ប្រឡាយស្ថិតនៅក្នុងភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះបានដាក់ចម្ងល់ថា? គាត់សង្ស័យថា សកម្មភាពចែកអំណោយរបស់ថៅកែចិនខាងលើ អាជ្ញាធរមិនបានដឹងច្បាស់លាស់ទេ ព្រោះថាសកម្មភាពនោះ មិនមែនជាទង្វើមនុស្សធម៌ទេគឺថៅកែរោងចក្រខាងលើព្យាយាមបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋផ្ដិតមេដៃគាំទ្រនូវទង្វើរបស់ខ្លួន ហើយគេមិនដឹងច្បាស់ថា ជាការគាំទ្រនូវសកម្មភាពអ្វីឲ្យពិតប្រាកដឡើយ។ ចុះបើបង្ខំឲ្យពួកគាត់ផ្ដិតមេបដៃដើម្បីបង្កើតទង្វើខុសច្បាប់ឬមួយប្រព្រឹត្តនូវសកម្មភាពអ្វីដែលមិនល្អចំពោះសង្គមទៅ មិនវីវរទៅហើយទេ ព្រោះបងប្អូនប្រជាពលរដ្ឋខ្លះលោកគិតមិនដល់ អត់ចេះអក្សរផង៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299