កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លលោកអធិការនគរបាលស្រុក ក្រុង លោកមេបញ្ជាការវរៈ៦០៥ លោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ និងមន្ត្រីក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ពៅ សារឿង ត្រូវជាម្តាយបង្កើតលោកវរសេនីយ៍ឯក ឡុង សាវុធ ស្នងការរងដែលទទួលមរណភាពកាលពីនៅថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២១:៥៥នាទី ក្នុងជន្មាយុ៦៧ ដោយជរាពាធ។
នាគ្រាដ៏សែនក្ដុកក្ដួលនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានមានប្រសាសន៍ថា មរណភាពរបស់ ឧបាសិកា ពៅ សារឿង គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក និងជីដូន ជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងបានអប់រំណែនាំផ្តល់ដំបូន្មានធ្វើឲ្យកូន-ចៅបានក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំដែលមានស្នាដៃក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានដ៏ចម្បងក្នុងការអភិវឌ្ឍន៍សង្គមជាតិ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត និងមន្ត្រីរាជការក្រោមឱវាទ សូមដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ពៅ សារឿង ឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គួរជម្រាបជូនថា នាឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ និងមន្ត្រីរាជការក្រោមឱវាទបាននាំយកគ្រឿងឧបភោគនិងបច្ច័យដើម្បីចូលរួមក្នុងពិធីបុណ្យរួមមាន៖ អង្ករ៥បាវ=២៥០គ, ទឹកសុទ្ធ២០កេស, ទឹកផ្លែឈើ១០កេស និងបច្ច័យចំនួន៥,០០០,០០០រៀល៕