ថ្លែងក្នុងឱកាសចូលរួម «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលញៀនជាមួយហ្នឹងល្បែង សូមបញ្ឈប់ ដោយថា ល្បែងមិនបាននាំមកនូវជោគជ័យណាមួយនោះទេ។
បើតាមប្រសាសន៍លើកឡើងរបស់សម្តេចតេជោ ត្រឹមតែរាជធានីភ្នំពេញមួយ និងខេត្តកណ្តាលមួយ សមត្ថកិច្ចបានធ្វើការបង្រ្កាបទីតាំងល្បែងរហូតដល់ទៅជាង២ពាន់ទីតាំង ដែលជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។
« សុំអង្វរប្រជាពលរដ្ឋឈប់លេងទៅ កូនត្រូវទៅរៀន ទុកលុយទិញសៀវភៅឱ្យកូន ឬក៏ត្រូវបំប៉នសុខភាព ដោយសារលុយដែលយើងលេងរាល់ថ្ងៃ… ល្បែងមិនបាននាំមកនូវជោគជ័យណាមួយសម្រាប់ជីវិតផ្ទាល់ខ្លួន និងក្រុមគ្រួសារនោះទេ…»
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានប្រាប់ទៅដល់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់បង្រ្កាបល្បែងស៊ីសងទាំងនោះ ដោយធ្វើការស្រាវជ្រាវចាប់មេក្លោងធំតែម្តង ជាពិសេសល្បែងកន្ទុយលេខ។
« មានតែការអប់រំតាមបែបសាសនា និងការអប់រំតាមផ្លូវរដ្ឋសម្រាប់បញ្ចៀសនូវអំពើទុច្ចរិតទាំងឡាយ, យើងធ្វើបាន ហើយប្រជាជនសល់លុយ ព្រោះលុយអត់មានយកទៅចាញ់ល្បែងអីទៀតផង… កម្លាំងពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពព្រមៗគ្នាទើបអាចធ្វើទៅបាន…»
ការបង្រ្កាបល្បែងស៊ីសងនេះ បើតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាការអនុវត្តដើម្បីភូមិឃុំមានសុវត្ថិភាព ហើយវិធីដែលល្អ គឺជំរុញការអនុវត្តបំបាត់ល្បែងស៊ីសងនៅតាមនៅតាមមូលដ្ឋាន បំបាត់ការជួញដូរគ្រឿងញៀននៅមូលដ្ឋាន ដែលវាជាធាតុផ្សំបំបាត់នូវការជួញដូរមនុស្ស ធ្វើឱ្យប្រជាពលរដ្ឋរបស់យើងងាចសន្សំបានប្រាក់កាស និងមានសុខដុមរម្យនា៕