សង្គម

ព្យុះ​ទី​១៦ ឈ្មោះ NORU កំពុងមាន​ឥទ្ធិពល​លើ​អាងទឹក​ទន្លេមេគង្គ​, ក្រសួង សូម​ឲ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត

យោង​លើ​ស្ថានភាព​អាកាសធាតុ​ដែល​បាន​នឹង​កំពុងមាន​ការប្រែប្រួល ដែល​កើតឡើង​ដោយសារ​ឥទ្ធិពល​ព្យុះ​ទី​១៦ ឈ្មោះ ណូ​រុ (NORU) មកលើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ ឡាវ វៀតណាម និង​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅក្នុង​អាង​ទន្លេមេគង្គ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២​។​

​ក្រសួង​បាន​បញ្ជាក់ថា ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ នឹង​ហក់​ឡើង​ក្នុង​រយៈពេល​ពី ៣ ទៅ ៥​ថ្ងៃ​ខាងមុខ ជាពិសេស​នៅ​ភាគ​ខាងលើ​នៃ​ប្រទេស​កម្ពុជា មាន​ខេត្តស្ទឹងត្រែង ទឹកនឹង​អាច​ឡើងដល់​កម្ពស់ ១០,០០​ម៉ែត្រ​, ខេត្តក្រចេះ ទឹកនឹង​អាច​ឡើងដល់​កម្ពស់ ២១,០០​ម៉ែត្រ និង​ខេត្តកំពង់ចាម ទឹកនឹង​អាច​ឡើងដល់​កម្ពស់ ១៤,៣០ ម៉ែត្រ​។ រីឯ​នៅ​ស្ថានីយ​ជលសា​ស្ត្រ​ភ្នំពេញ​-​ចតុមុខ ទឹក​អាច​ឡើងដល់​កម្ពស់ ៩,៤០​ម៉ែត្រ​។​

​សូមបញ្ជាក់ថា ទឹកទន្លេ​ដែល​ហក់​ឡើង​នាពេលនេះ នៅ​មិនទាន់​ដល់​កម្រិត​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅឡើយ​ទេ ទឹក​អាច​នឹង​ហូរ​ចូល​លិច​តំបន់​ទំនាប​មួយចំនួន​អម​តាម​ដង​ទន្លេ និង​បន្ត​ហូរ​ចូល​តាម​បណ្តា​ព្រែក​បន្ថែមទៀត​។ ចំពោះ​នៅ​តំបន់​ភាគ​ឦសាន ទឹកទន្លេ​សេកុង​កំពុង​ហក់​ឡើង ដែល​អាច​ប្រឈម​នឹង​ទឹកជំនន់​៕​