សង្គម

អាជ្ញាធរជាប់ព្រំដែន​ថៃ ចាប់ផ្តើមជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពបន្ទាប់ពីជំនន់ទឹកភ្លៀងហក់ឡើង

បាត់ដំបង ៖ អាជ្ញាធរ​តំបន់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្រ្ត​ចំណុចវាលស្រែ ១០០ ,ចំណុចអូរធំ បានចុះអន្តរាគមន៍បណ្តើរៗហើយ​ដើម្បី​ជួយប្រជាពលរដ្ឋរងគ្រោះដោយ​ទឹកជំនន់ និងជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។

បើតាមកងកម្លាំងតំបន់ព្រំដែនបានឲ្យដឹងនៅព្រឹកថ្ងៃទី ២៨ ខែកញ្ញានេះថា នៅព្រឹកនេះវរសេនាតូចលេខ ៥៣៤ កងពលតូចលេខ ៥៣កំពុងចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅចំណុចវាលស្រែ១០០,ចំណុចអូរធំ ចំណុចក្រោយសាលារៀន ក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក។ជំនន់ទឹកភ្លៀងបានជន់ជោរនៅតំបន់ទាំងនេះ។

លោក សុង សុភ័ក្រ អភិបាលស្រុកភ្នំព្រឹកបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក មិនទាន់​មានសភាពធ្ងន់ធ្ងរនៅឡើយទេ ព្រោះនៅព្រឹកនេះទឹកបានស្រកថយបន្តិចវិញ ប៉ុន្តែនៅក្នុងចំណុចឃុំបួរ ទឹកបានយាយីដល់ដំណាំផ្សេងៗនិងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងអូរព្រំដែនចំនួន១០គ្រួសារប៉ុណ្ណោះដែលកម្លាំងរបស់គណ:បញ្ជាការឯកភាពស្រុកកំពុងអន្តរាគមន៍ជួយសង្គ្រោះនិងនាំយកទៅកាន់ទីទួលមានសុវត្ថិភាព។

រីឯលោក សុខ ដែន អភិបាលស្រុកកំរៀងបាននិយាយថា សម្រាប់មូលដ្ឋានស្រុកកំរៀងមកទល់ម៉ោងនេះនៅទាន់មានទឹកជំនន់ច្រើនគួរឲ្យគាត់សម្គាល់នាំឲ្យប៉ះពាល់ប្រជាពលរដ្ឋនោះទេ។ចំពោះមុខនេះលោកកំពុងត្រៀមកម្លាំងចំណុះត្រៀមជួយសង្គ្រោះក្នុងករណីទឹកភ្លៀងនៅតែបន្តធ្លាក់នៅថ្ងៃខាងមុខទៀត៕