សង្គម

រូប «ប្រេត» តែមួយគត់ឆ្លាក់នៅប្រាសាទតានៃទាក់ទងជំនឿនៃការបោះបាយបិណ្ឌរបស់ដូនតាខ្មែរ

ប្រាសាទតានៃជាប្រាសាទមួយនៅស្ថិតនៅក្នុងព្រៃចូលតាមផ្លូវលំតូច ខាងកើតប្រាសាទតាកែវ ឈ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ និងមានចម្ងាយប្រវែង ១៥០ម៉ែត្រពីខាងលិចបារាយណ៍ខាងកើត ប្រាសាទនេះមានប្រវែង ១៥០ម៉ែត្រពីខាងត្បូងស្ទឹងសៀមរាប។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន។ បើតាមអាជ្ញាធរប្រាសាទនេះជាប្រាសាទតែមួយគត់ដែលរូបភាព «ប្រេត» ត្រូវបានឆ្លាក់។

តាមការអះអាងរបស់អ្នកបុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ដែលត្រូវបានចុះផ្សាយដោយអាជ្ញាធរអប្សរាឱ្យដឹងថា ជំនឿទៅលើ «ប្រេត» អាចទាក់ទងនឺងចម្បាំងដ៏បង្ហូរឈាមដើម្បីរំដោះរាជធានីអង្គរចេញពីការគ្រប់គ្រងរបស់ចម្ប៉ា។ លោកបន្ថែមថាដោយសារសង្គ្រាមនោះ ធ្វើឱ្យរាស្ត្រ និងកងទ័ពជាច្រើនបានស្លាប់ រួមទាំងព្រះញាតិវង្សរងទុក្ខវេទនាព្រាត់ប្រាស់គ្រួសារផង ទើបព្រះអង្គជឿថាអ្នកដែលស្លាប់ទាំងនោះមិនដឹងថាវិញ្ញាណក្ខ័ន្ធទៅកើតនៅទីណា ឬក៏ជាប្រេតផង ទើបមានពិធីបោះបាយបិណ្ឌត្រូវបានកើតឡើង។

លោកថា៖ «យោងតាមគម្ពីរព្រះពុទ្ធសាសនាមហាយាន Kanradavyuha ដែលបានសរសេរនៅក្នុងតំបន់កាស្មៀនៃប្រទេសឥណ្ឌា តាំងពីអំឡុងសតវត្សរ៍ទី៥ នៃគ្រឹស្តរាជ និយាយពីរឿងរ៉ាវរបស់ព្រះអវលោកិតេសូរ ដែលព្រះបាទជ័យវរ្ម័នទី៧ បានយកមកប្រតិបត្តិក្នុងរជ្ជកាលរបស់ព្រះអង្គរនៅចុងសតវត្សរ៍ទី១២ មានបង្ហាញរឿងព្រះអវលោកិតេសូរសង្គ្រោះប្រេត។ […] មានតែព្រះអវលោកិតេសូរទេ តាមទំនៀមក្នុងគម្ពីរ Karandavyuha មានអំណាច និងលទ្ធភាពជួយសង្គ្រោះពួកប្រេតទាំងនោះឱ្យរួចផុតពីទុក្ខទោស និងឱ្យវិលមកកើតជាមនុស្សវិញបាន»។

ដូចនេះការបោះបាយបិណ្ឌ មិនមែនក្នុងន័យបោះដើម្បីឱ្យពពួកប្រេត ដែលកំពុងស្រេកឃ្លាននោះទេ គឺដើម្បីឱ្យពពួកប្រេតអាចចាប់រូបភាពបានហើយអាចវិលមកកើតជាមនុស្សវិញបាន។

លោក អ៊ឹម សុខរិទ្ធី៖ «តាមសិលាចារិកថ្នល់បាយរាណ៍ លេខសំគាល់ K279 គឺនិយាយអំពីពិធីបុណ្យមួយតាមព្រហ្មញ្ញសាសនា ដែលភាសាសំស្រ្កឹតហៅថា «ស្រាទ្ធា» គឺជាពិធីបោះបាយបិណ្ឌ ដើម្បីជួយស្រោចស្រង់ដល់ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេតហើយនោះ ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញ។ ការបោះបាយបិណ្ឌ មិនមែនក្នុងន័យបោះដើម្បីឱ្យពពួកប្រេត ដែលកំពុងស្រេកឃ្លានទាំងនោះ បានទទួលទានចម្អែតក្រពះទេ។ គឺបាយដែលគេពូតចេញពីអង្ករដំណើបដែលស្អិតចំនួន ១៩ពំនូត ជាតំណាងឱ្យរូបកាយដែលអាចឱ្យព្រលឹងរបស់អ្នកស្លាប់ ដែលកើតទៅជាប្រេត អាចមកចាប់យករូបកាយបាន ហើយក៏អាចវិលមកកើតជាមនុស្សវិញបាន»។

លោកបន្ថែមថា តាមទំនៀមខ្មែរជឿថាមនុស្សគ្រប់រូបមានធាតុពីរសំខាន់គឺ នាម (ព្រលឹង) រូប (រាងកាយ)។

លោកបន្ថែមថា៖ «នៅពេលដែលមនុស្សស្លាប់ទៅនៅសល់តែនាមគឺព្រលឹង ចំណែកឯរូបវិញ គឺបានរលាយបាត់ទៅហើយ។ ដោយសារហេតុផលនេះគេជឿថាដើម្បី ឱ្យអ្នកស្លាប់អាចវិលមកកើតជាមនុស្សវិញបាន គឺទាល់តែធ្វើឱ្យនាមនិងរូបបានភ្ជាប់គ្នាឡើងវិញ។ ដូច្នេះហើយបានជាបុព្វបុរសខ្មែរ ប្រារព្វធ្វើពិធីបោះបាយបិណ្ឌ នៅក្នុងពេលភ្ជុំបិណ្ឌនេះឡើង»។

ពីបុរាណកាលព្រះមហាក្សត្រខ្មែរបានយកមកធ្វើជាទម្រង់ពិធីធំ និងទូលំទូលាយរបស់ខ្មែរ សម្រាប់ញាតិសន្តានច្រើនជំនាន់ សាច់ញាតិសារលោហិត មនុស្សចាស់ ក្មេងៗ អ្នកពុំមានទីពំនាក់ ជាពិសេសគឺដឹងគុណដល់អ្នកសេ្នហាជាតិទាំងឡាយដែលបានស្លាប់ដោយសារការធ្វើចម្បាំងការពារទឹកដី ប្រទេសជាតិ ក៏ទទួលបានការឧទ្ទិសនេះផង ហើយបន្តបន្ទាប់មកទៀត កិច្ចពិធីនេះបានក្លាយទៅជាពិធីបុណ្យធំដុំរហូតដល់ក្លាយជាបុណ្យជាតិ និងប្រពៃណីដ៏ធំជាងគេតែម្ដង។

ពិធីបោះបាយបិណ្ឌដើម្បីឱ្យព្រលឹងអ្នកស្លាប់ដែលបានកើតជាប្រេត អាចវិលមកកើតជាមនុស្សវិញនោះ អាចធ្វើឡើង៤ដងក្នុងមួយឆ្នាំគឺ នៅពេលបុណ្យភ្ជុំបិណ្ឌ នៅពេលព្រឹត្តិការណ៍យប់ និងថ្ងៃស្មើគ្នា (សមរាត្រី) កើតឡើង២ដងក្នុង១ឆ្នាំ នៅពេលមានព្រឹត្តិការណ៍យប់វែងជាងថ្ងៃកើតឡើងម្ដងក្នុង១ឆ្នាំ និងនៅពេលដែលមានព្រឹត្តិការណ៍ថ្ងៃវែងជាងយប់កើតឡើងម្ដងក្នុង១ឆ្នាំ៕