សង្គម

ស្ថានភាពទឹកភ្លៀងកាន់តែអាក្រក់ មន្ត្រីនាំពាក្យខេត្តជាប់ព្រំដែនថៃ ណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

(បន្ទាយមានជ័យ) ៖ ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជា ភ្លៀងបាននឹងកំពុងធ្លាក់រាយប៉ាយពេញផ្ទៃប្រទេស និងតំបន់មួយចំនួនកំពុងរងនូវការជន់លិច ពិសេស ស្រុកមួយចំនួននៅតំបន់ព្រំដែនខ្មែរ-ថៃ ទឹកកំពុងឡើងខ្លាំង ខណៈអាជ្ញាធរប្រាប់ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់។

មន្ត្រីនាំពាក្យនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក សេក ​សុខុម បានថ្លែងថា ស្ថានភាពកម្ពស់ទឹកអូរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃកំពុងឡើងខ្លាំងគួរឱ្យកត់សម្គាល់ ពោលគឺបានឡើងប្រៀបមាត់អូរ ដែលនឹងបង្កឱ្យមានការជន់លិចភូមិ-ឃុំមួយចំនួន នៃស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ស្រុកស្វាយចេក និងស្រុកថ្មពួក ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកខាងលើ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះបើមេឃបន្តធ្លាក់ភ្លៀងជាប់ជាប្រចាំបែបនេះ ជំនន់ទឹកភ្លៀងអាចនឹងមានគ្រប់ពេល។

អ្នកនាំពាក្យបន្តថា ដ្បិតថាពេលនេះ ស្ថានភាពទឹកមិនទាន់ឈានដល់កម្រិតប្រកាសអាសន្ន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋរស់នៅតាមមាត់អូរជាប់ព្រំដែន ត្រូវបង្កើនការប្រុងប្រយ័ត្នជាចាំបាច់ ព្រោះសេចក្តីរាយការណ៍ពីប្រទេសថៃ បានឱ្យដឹងថា ប្រទេសជាប់ព្រំដែនកម្ពុជាមួយនេះ កំពុងរងនូវការជន់លិចខ្លាំង ខណៈភ្លៀងបានបង្អោរធ្លាក់ជោគជាំនៅតាមបណ្តាខេត្តមួយចំនួនបង្កទៅជាទឹកជំនន់។ ដូច្នេះ ក្នុងនាមជាប្រទេសជាប់ក្បែរខាង និងជាប្រទេសមានសណ្ឋានដីខ្ពស់ជាងកម្ពុជា យើងត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ លោកថា ឃុំ ស្រុកមួយចំនួន ទឹកបានហូរចាក់ប្រៀបដល់បឹងបួរ អូរប្រឡាយ ស្ទឹងព្រែកហើយ ស្របពេលដែលកម្ពុជាទទួលរងនូវទឹកភ្លៀងជោគជាំដែរនោះ ជំនន់ទឹកភ្លៀង និងទឹកជំនន់អាចនឹងកើតឡើងគ្រប់ពេលផងដែរ។ ប៉ុន្តែ យ៉ាងណា អាជ្ញាធរមិនព្រងើយកន្តើយចំពោះរឿងនេះឡើយ។ ថ្នាក់ដឹកនាំខេត្ត បានដាក់ផែនការត្រៀមជួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងតែងតែចុះណែនាំដល់ប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យមានការប្រុងប្រយ័ត្នពីផលប៉ះពាល់ដោយទឹកជំនន់នាពេលខាងមុខ។

សូមបញ្ជាក់ផងដែរថា ប្រទេសវៀតណាម ថៃ ហ្វីលីពីន និងកម្ពុជា កំពុងទទួលរងនូវជំនន់ទឹកភ្លៀងនៅមួយរយៈចុងក្រោយនេះ ប៉ុន្តែ សម្រាប់កម្ពុជា ទឹកភ្លៀងមិនទាន់បង្កការជន់លិចធ្ងន់ធ្ងរដូចជាប្រទេសទាំងបីខាងលើនេះនៅឡើយទេ ខណៈប្រទេសថៃមានសេចក្តីរាយការណ៍ថា ខេត្តមួយចំនួន និងរាជធានីបាងកក កំពុងលិចលង់ដោយជំនន់ទឹកភ្លៀងដែលបានបង្អោរធ្លាក់ចុះឥតឈប់ឈរ ស្របពេលដែលទូរទស្សន៍រដ្ឋវៀតណាម ក៏បានប្រកាសពីការជន់លិចនៅតាមបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់នឹងប្រទេសចិន និងកម្ពុជាផងដែរ៕