(បាត់ដំបង) ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែសីហា ឆ្នាំ២០២២ ថ្មីៗនេះ លោក សុខ លូ ប្រធានគណ:បញ្ជាការឯកភាពខេត្តបាត់ដំបងបានលើកឡើងថា គ្រប់គណ:បញ្ជាការឯកភាពស្រុក ក្រុង អធិការនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំងអស់ត្រូវម្ចាស់ការដោយខ្លួនឯងក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទកុំចាំតែអភិបាលខេត្តបញ្ជាទើបធ្វើ។បើអធិការស្រុកណាមួយធ្វើមិនកើតទេមានតែដកចេញតែប៉ុណ្ណោះ។
ប្រធានគណ:បញ្ជាការបានបញ្ជាក់ទៀតថា កន្លងមកលោកធ្លាប់ទទួលបានព័ត៌មានពីបញ្ហាល្បែងស៊ីសងនានា ដោយកន្លែងខ្លះនៅខាងមុខមានរូបភាពជាកន្លែងដូរលុយ តែនៅខាងក្រោយមានបង្កប់ល្បែងស៊ីសង ។ពិសេសល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញកើតមាននៅតាមបណ្តាទីប្រជុំជនក្នុងស្រុក និងក្រុងយ៉ាងគឃ្លើនឡើងវិញ រួមទាំងតាមហាងកាហ្វេ និងទីតាំងល្បែងឆ្នោតក៏មានគ្រប់ទីកន្លែងថែមទៀត។
ជាមួយគ្នាលោក សុខ លូ ក៏បានដាក់បទបញ្ជាដោយផ្ទាល់ ចំពោះមុខនេះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំង ៣ប្រភេទ ក៏ដូចជាអាជ្ញាធរមូលដ្ឋានតាមបណ្តាស្រុក ក្រុងទាំង ១៤ ក្នុងខេត្តបាត់ដំបង ត្រូវអនុវត្តបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសករណីជួញដូរ ចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិសាស្ត្រដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានគ្រប់គោលដៅ ក្នុងគោលបំណងបង្កើនសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសង្គមឱ្យល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋបានរស់នៅប្រកបដោយភាពភាពកក់ក្តៅសប្បាយរីករាយ៕