សង្គម

សមត្ថកិច្ច ៖ រយៈពេល៩ថ្ងៃ សមត្ថកិច្ច ស្វះស្វែងរកសាច់ញាតិដែលបានបាត់ មកស្នាក់នៅចំការម្រេច លោក ខឹម វាសនា មានចំនួន ១០១ករណី ស្មើនឹង ២០៧នាក់

(សៀមរាប) ៖ សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងរយៈពេល០៩ថ្ងៃនេះ សមត្ថកិច្ចបានប្រឹងប្រែងជួយសម្របសម្រួល និងស្វះស្វែងរកសាច់ញាតិដែលបានបាត់ មកស្នាក់នៅលើដីចំការម្រេច របស់លោក ខឹម វាសនា ដោយបានចាញ់បោកការឃោសនាថាមានគ្រោះទឹកជំនន់ មានចំនួន ១០១ករណី ស្មើនឹងចំនួន ២០៧នាក់ ដែលក្នុងនោះមានអនីតិជនរហូតដល់ ៨២នាក់ គិតត្រឹមរសៀលថ្ងៃទី៥ កញ្ញា ២០២២។

សមត្ថកិច្ចបានបន្តទៀតថា ការឃោសនាប្រមូលផ្តុំមនុស្សនេះមានអ្នកចូលរួម បានមកស្នាក់នៅលើដីចំការម្រេចចំនួន ១២ហិតា ចំការសណ្តែកចំនួន ២៥ហិតា ទីវត្តអារាម និងបណ្តាផ្ទះអ្នកភូមិលើឃុំចំនួន ០៣ ក្នុងស្រុកបន្ទាយស្រី ។

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាបនៅតែបន្តកាយវិការទន់ភ្លន់ និងព្យាយាមប្រឹងប្រែងសម្របសម្រួលបងបានប្រជាពលរដ្ឋឲ្យវិញត្រឡប់ទៅលំនៅឋានវិញ ហើយតាមរយៈលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសឲ្យរំសាយការជួបជុំត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ចំនួនមនុស្សជួបជុំបានបន្តចាកចេញ និងវិលទៅលំនៅឋានវិញប្រមាណ ៧៥ភាគរយហើយ ។

យ៉ាងណាក៏ដោយ​សមត្ថកិច្ចចម្រុះខេត្តសៀមរាបបានបន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបន្តជួយស្វែងរកសាច់ញាតិបងប្អូនប្រជាពលរដ្ឋដែលបានបាត់តាមបណ្តាស្រុក និងខេត្តផ្សេងៗ ៕