ខេត្តកណ្តាល៖ ពលរដ្ឋ ក្នុងភូមិអូរអណ្ដូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បានឲ្យ ពេញចិត្តមេឌា ដឹងថា ក្នុងមូលដ្ឋានពួកគាត់មានល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុក ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពបានឲ្យដឹងថា ល្បែងបញ្ជល់មាន់តាមអនឡាញ ត្រូវគេបើកលេងក្នុងអាហារដ្ឋាននិងKtvមួយកន្លែងនៅតាមមាត់ប្រឡាយជប៉ុន មានយីហោ គីម ៨៨៨ ក្នុងភូមិអូរអណ្តូង ឃុំបារគូ ប៉ុន្តែនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបារគូ និងលោក ឡេង សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹង មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសង ដើម្បីពង្រឹងសន្តិសុខសង្គមនោះឡើយ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា អាហារដ្ឋាន និងKtv គីម៨៨៨ ក្នុងឃុំបារគូ មានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ តាមអនឡាញ ភ្នាល់ដាក់ប្រាក់ យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ដោយសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀតកើតចេញពីល្បែងស៊ីសងដែលកើតឡើងយ៉ាងរាលដាល។ ប្រជាពលរដ្ឋបានបញ្ជាក់ថាកន្លែងបើកល្បែងបញ្ជល់មាន់តាមអនឡាញ នៅភូមិអរអណ្តូង ស្រុកកណ្តាលស្ទឹង បើកលេងជាយូរមកហើយ មិនដែលមានមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការទប់ស្កាត់នៅឡើយទេ។
តាមប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនជាប់ពាក់ព័ន្ធបញ្ហាផលប្រយោជន៍ទេនោះគឺល្បែងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញក្នុងអាហារដ្ឋាន និង Ktv គីម៨៨៨ ក្នុងឃុំបារគូ ស្រុកកណ្តាលស្ទឹង មិនអាចដំណើរការទៅដោយរលូនបានឡើយ។
ពលរដ្ឋនិងមហាជនបានអំពាវនាវឲ្យលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងអាហារដ្ឋាននិងKtv គីម៨៨៨ ឲ្យបានឆាប់ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង7ចំណុច។ ដោយហេតុថានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបារគូ និងលោក ឡេង សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹង បណ្ដោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងពេញទំហឹង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299