ចាប់ពីថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ ច្រករបៀបតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដូចជាច្រកអូរបីជាន់ ច្រកបឹងត្រកួន និងច្រកក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ នឹងលែងជាទីតាំងប្រគល់ ទទួលពលករខុសច្បាប់មកពីប្រទេសថៃទៀតហើយ ដោយត្រូវផ្ទេរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតវិញ។
យ៉ាងណាក៏ដោយរយៈពេលប៉ុន្មានថ្ងៃមកនេះ គេសង្កេតឃើញថា មានពលករកម្ពុជាជាច្រើនបានត្រឡប់មកកម្ពុជាវិញតាមច្រករបៀប ដូចជានៅច្រកអូរបីជាន់កាលពីថ្ងៃទី២៩ ខែសីហា មានពលករខ្មែរប្រមាណ ៤៣នាក់បានត្រឡប់មកវិញ ខណៈនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏បានរាយការណ៍ពីការបញ្ជូនពលករខ្មែរខុសច្បាប់ដោយភាគីថៃប្រមាណ២០ ទៅ៣០នាក់ក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ អាជ្ញាធរខេត្តជាប់ជាយដែនកម្ពុជា-ថៃ បានប្រជុំពិភាក្សាទ្វេភាគីសម្រេចឱ្យពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ត្រូវឱ្យចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ ដោយបិទទីតាំងទទួលពលករ នៅច្រករបៀងអូរបីជាន់ស្រុកអូរជ្រៅ ច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួក និងច្រកក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ៕