សង្គម

ទឹកស្ទឹង​សែន​នៅ​ក្រុង​ព្រះវិហារ ឡើង​ហួស​ពី​កម្រិតត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ហើយ​

(ព្រះវិហារ) ៖ ទឹកស្ទឹង​សែន​នៅ​ក្រុង​ព្រះវិហារ បាន​ឡើងដល់​កម្ពស់ ១២,៥៤ ម៉ែត្រ គឺ​ឡើង​ហួស​ពី​កម្រិត ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ដល់​ទៅ ជាង​មួយ​ម៉ែត្រ ធ្វើឱ្យមាន​ការលិចលង់ ដល់​ភូមិសាស្ត្រ​នៃ​ស្រុក​ក្រុង ចំនួន​៤ ប៉ះពាល់​ប្រជាពលរដ្ឋ ជិត ៥០០ គ្រួសារ ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​ប្រមាណ​ជា ប្រាំ​ពាន់​ហិកតា​។​

​លោក កែវ វី ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានឲ្យ​ដឹងថា គិត​ម​ដល់ល្ងាច​ថ្ងៃទី​២៩ ខែសីហា ​ជំនន់​ទឹក​ស្ទឹងសែន ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ មាននៅ​ក្រុង ស្រុក ចំនួន ៤ គឺ​ក្រុង​ព្រះវិហារ ស្រុក​ជាំ​ក្សាន្ត ស្រុក​ជ័យ​សែន និង ស្រុក​ត្បែងមានជ័យ​ប៉ះពាល់​ប្រជាពលរដ្ឋ ចំនួន ៤៨៧ គ្រួសារ ស្មើនឹង ១.៩៤៨ នាក់​។ ផ្ទះ​ចំនួន ១៦៥ ខ្នងត្រូវបាន​លិច និង ខូច​មួយ​ខ្នង ប្រជាជន​ចំនួន ៧៤ គ្រួសារ ត្រូវបាន​ជម្លៀសទៅកាន់​ទីទួល​សុវត្ថិភាព​។​

លោក កែវ វី បានបញ្ជាក់​ថាៈ ទឹកជំនន់​ស្ទឹងសែន ដែល​កំពុង​បន្ត​ជន់​ឡើង លិច​តំបន់​ទំនាប​នៃ​ក្រុង​ព្រះវិហារ​នេះ បានធ្វើឱ្យ​ខូច​ដំណាំ​ស្រូវ ចំនួន ៣.២៦២ ហិកតា ដំណាំ​រួមផ្សំ២.០៨៣ ហិកតា និង ផ្លូវលំ​ជនបទ​មួយចំនួន​។​

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយមក៏​​បាន​ប្រាប់​ឱ្យ​​ដឹងដែរថា ទឹកស្ទឹង​សែន​នៅ​ក្រុង​ព្រះវិហារ គិតពី​ព្រឹក មកដល់​ល្ងាច ថ្ងៃទី២៩ ខែសីហា ទឹកបាន​កើនឡើង ជាង​កន្លះ​ម៉ែត្រ​ទៀត

​គឺ​ឡើងដល់​កម្ពស់ ១២,៥៤ ម៉ែត្រ ដែល​កាលពី​ព្រឹក មាន​កម្ពស់​ត្រឹម ១២,១២ ម៉ែត្រ​ហើយ​ទឹក​ដែល​ត្រូវ ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅ​ក្រុង​ព្រះវិហារ នៅ​កម្ពស់ ១១,៥០​ម៉ែត្រ បានន័យថា ទឹកបាន​ឡើង​លើស​កម្ពស់ ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្នរហូតដល់​ជាង​មួយ​ម៉ែត្រ​។​

​អ្នកនាំពាក្យ​ក៏បានបញ្ជាក់​ដែរថា បណ្តា​អូរ​នៅតាម​ព្រំដែន​នៃ​ក្បាល​ស្ទឹងសែន បាន​ស្រក​អស់ហើយ នៅ​ល្ងាច​ថ្ងៃទី២៩ និង ក៏​មិនមាន​ភ្លៀង​ធ្លាក់ថែម​មកទៀត​ដែរ នៅថ្ងៃនេះ ទឹក​នៅ​ក្រុង​ព្រះវិហារ អាច​នឹង​ស្រក​ចុះ​វិញ នៅពេល​មួយថ្ងៃបន្ទាប់​ពីនេះ​។​​

ដោយ​ឡែកលោក គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ ត្រូវបាន​គេ​ប្រាប់​ឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​២៩​ខែសីហា លោកបានរួម​ដំណើរ​ជាមួយនឹង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រះវិហារ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក នៅតាម​ព្រំដែន ឃើញថាគ្រប់​អូរ​នៃ​ក្បាល​ស្ទឹងសែន បាន​ស្រក​អស់ហើយ​៕