របបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃពុធទី១៧ ខែសីហា បានរិះគន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬត្រូវបានគេស្គាល់ថា[អាស៊ាន] ជុំវិញការដកឧត្តមសេនីយ៍ មីន អ៊ោងឡាំង (Min Aung Hlaing) ពីកិច្ចប្រជុំក្នុងតំបន់ ដោយចោទប្រកាន់ថា អាស៊ានកំពុងរំលោភលើគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការអធិបតេយ្យភាពរបស់ប្រទេសជាសមាជិក។ និងលើកឡើងថា ប្លុកដែលមានសមាជិកចំនួន១០ប្រទេសនេះ កំពុងរង «សម្ពាធពីខាងក្រៅ»…។
អ្នកនាំពាក្យរបបយោធា លោក ហ្សាវ មីនតុន Zaw Min Tun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធថា៖ «ប្រសិនបើកៅអីតំណាងឱ្យប្រទេសមួយនៅទំនេរ នោះវាមិនគួរត្រូវបានដាក់ស្លាកថា ជាកិច្ចប្រជុំកំពូលអាស៊ានទេ»។ លោកបន្ថែមថា ប្រទេសមីយ៉ាន់ម៉ា កំពុងអនុវត្តផែនការសន្តិភាព ដោយព្យាយាមធ្វើកិច្ចការនេះយ៉ាងខ្លាំង។បន្ថែមលើនេះ មន្ត្រីអ្នកនាំពាក្យរូបនោះ បានលើកឡើងផងដែរថា « អ្វីដែលពួកគេ [អាស៊ាន] ចង់បានពីយើងនោះ គឺការចូលតុពិភាក្សាជាមួយពួកភេរវករ (សំដៅទៅលើក្រុមប្រឆាំងនឹងរបបយោធា)។» លោកថា ក្រុមប្រឆាំងទាំងនោះ បានប្រើឈ្មោះជាក្រុមចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានកាន់អាវុធប្រឆាំងនឹងយោធា។
លោកហ្សាវ មីនតុន Zaw Min Tun បានសង្កត់ធ្ងន់ថា អាស៊ាន កំពុងរំលោភលើគោលនយោបាយរបស់ពួកគេ នៃការមិនជ្រៀតជ្រែកក្នុងកិច្ចការអធិបតេយ្យភាពរបស់ប្រទេសជាសមាជិក ខណៈដែលប្លុកមួយនេះ កំពុងប្រឈមនឹង «សម្ពាធពីខាងក្រៅ» ។
សូមរំឭកថា អាស៊ានបានរារាំង ឧត្តមសេនីយ៍ មីន អ៊ោងឡាំង ពីការចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ ហើយប្រទេសសមាជិកមួយចំនួន បានបញ្ជាក់កាលពីខែមុនថា ខ្លួននឹងត្រូវបង្ខំឱ្យគិតឡើងវិញអំពីផ្លូវឆ្ពោះទៅមុខជុំវិញបញ្ហានៅមីយ៉ាន់ម៉ា លុះត្រាតែរបបយោធាបង្ហាញវឌ្ឍនភាពលើផែនការសន្តិភាព។ ទោះបីជាមិនអនុញ្ញាតឱ្យរបបយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំកន្លងមក ប៉ុន្តែអាស៊ាន បានអញ្ជើញតំណាងមិនមែនអ្នកនយោបាយ ដើម្បីចូលរួមកិច្ចប្រជុំទាំងនោះ។ យ៉ាងណាមិញ របបយោធាបានបដិសេធសំណើឱ្យបញ្ជូនតំណាងមិនមែនអ្នកនយោបាយទៅប្រជុំនៅអាស៊ាន។
ចំណែក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលជាកិច្ចប្រជុំចុងក្រោយបង្អស់របស់ប្លុកនេះ ដែលបានធ្វើឡើងក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា ក៏ពុំមានវត្តមានតំណាង ឬមន្ត្រីរបស់មីយ៉ាន់ម៉ាចូលរួមផងដែរ៕