សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារសំឡេងនៅយប់ថ្ងៃទី១៦ ខែសីហាដោយអះអាងថាព្រៃតំបន់ភ្នំតាម៉ៅ នឹងក្លាយជាព្រៃអភិរក្ស និងការពារជារៀងរហូត ដែលគ្មាននរណាអាចមកបំផ្លាញបានឡើយ។ សម្តេចបានអះអាងបែបនេះ ដើម្បីឆ្លើយតបនឹងជនអគតិមួយចំនួនដែលបានធ្វើការវិនិច្ឆ័យយ៉ាងឆាប់រហ័សថា ដីតំបន់នេះនឹងត្រូវក្លាយជាដីរបស់ឯកជន។
សម្តេចតេជោ បានអះអាងថា សម្តេចបានចេញបទបញ្ជាឱ្យកម្លាំងចំនួនជាង១ពាន់នាក់ទៅ ឈូសឆាយដីដើម្បីធ្វើដីឱ្យបានល្អ សម្រាប់ដាំកូនឈើបែបប្រណិតៗដោយប្រើគ្រឿងចក្រចំនួន១១៣គ្រឿង។ បើតាមសម្តេច គិតត្រឹមថ្ងៃអង្គារ៍នេះ អាជ្ញាធរបានឈូសឆាយដីឡើងវិញបានចំនួន៥៤០ហិកតាហើយ។ «ព្រះករុណាខ្ញុំ បានចេញបទបញ្ជាឱ្យមេបញ្ជាការកងអង្គរក្ស ឱ្យបញ្ជាអ្នកដែលទទួលខុសត្រូវលើការងារដាំដុះនៅទីនោះ ប្រែក្លាយដីដែលបានឈូសឆាយនេះទៅជាសួនព្រៃ សួនដាំដើមឈើ ឬចម្ការដាំដើមឈើរដែលសុទ្ធតែជាឈើប្រណីត ហើយមិនយូរប៉ុន្មាន បងប្អូននឹងឃើញលទ្ធផលដ៏ល្អប្រសើរ»។ នេះជាការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល។
កាលពីថ្មីៗនេះមានការលើកឡើងថា មានពលរដ្ឋមួយចំនួនដែលមានបំណងចង់ទៅដាំដើមឈើនៅតំបន់ភ្នំតាម៉ៅ ប៉ុន្តែពួកគេមិនត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យចូលដាំបែបទូលំទូលាយឡើយ និងមានបុគ្គលមួយចំនួនបានចោទជាចម្ងល់ថា តើតំបន់ភ្នំតាម៉ៅនោះត្រូវបានក្លាយជាដីរបស់ក្រុមហ៊ុនឯកជន?
ជុំវិញរឿងរ៉ាវនេះសម្តេចបានមានប្រសាសន៍ដូច្នេះថា៖«នៅពេលឃើញកម្លាំងកងទ័ពចុះទៅតំបន់នោះ ក៏ឃើញមានការសង្ស័យពីមជ្ឈដ្ឋានមួយចំនួន ដែលយល់មិនដល់បញ្ហា ហើយធ្វើការវិនិច្ឆ័យយ៉ាងឆាប់រហ័សថា ដីនេះនឹងត្រូវក្លាយជាដីរបស់ឯកជន។ កុំជឿលើក្រុមអគតិដែលតែងតែយកសភាពការណ៍មួលបង្កាច់ អង្គរក្សនៅទីនោះ គឺត្រូវជួយដាំដើមឈើ។ ប៉ុន្តែដើម្បីចៀសវាងនូវការភាន់ច្រឡំ និងការមួលបង្កាច់ដោយពួកអគតិមួយចំនួន ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់សារជាថ្មីឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ ត្រៀមព្រះរាជក្រឹត្យកំណត់និយាមការតំបន់ការពារភ្នំតាម៉ៅនេះ ចេញជាព្រះរាជក្រឹត្យ ដើម្បីដាក់ជាតំបន់អភិរក្ស និងតំបន់ត្រូវការពារតែម្តង»៕