សង្គម

ក្រសួងសុខាភិបាលហាមគ្លីនិកឯកជនដឹកអ្នករបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍

ក្រសួងសុខាភិបាល បានព្រមានដល់គ្រប់គ្លីនិកឯកជនទាំងអស់ហាមយករថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួន ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិកជាបន្តទៀត។ ជាមួយគ្នានេះ ក្រសួងក៏បាន ព្រមានផាកវិន័យចំពោះម្ចាស់មន្ទីរពេទ្យឯកជន «ម្លិះដង្កោ»ផងដែរ។ នេះបើតាមលិខិតចេញផ្សាយរបស់ក្រសួងសុខាភិបាល នារសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

កន្លងមក ក្រសួងសុខាភិបាលបានធ្វើសារាចរណែនាំជាច្រើនលើកច្រើនសាររួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាតឱ្យគ្លីនិកឯកជនយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។ ប៉ុន្តែបច្ចុប្បន្ននេះ គ្លីនិកឯកជនមួយចំនួន មិនបានអនុវត្តទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដោយនៅតែបន្តធ្វើសកម្មភាពនេះដដែល រហូតដល់មានការឈ្លោះប្រកែកដណ្ដើមគ្នាដឹកយ៉ាងអនាធិបតេយ្យ ដែលជាកត្តាមួយជះឥទ្ធិពលមិនល្អដល់វិស័យសុខាភិបាលទាំងមូល និងសេចក្ដីថ្លៃថ្នូរបស់គ្រូពេទ្យដទៃទៀត ហើយក៏មានរថយន្តគិលានសង្គ្រោះមួយចំនួនទៀតដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើចរាចរនៅតាមដងផ្លូវ។

តាមការសង្កេតរបស់ក្រសួង មន្ទីរពហុព្យាបាលម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមកព្យាបាលនៅមន្ទីរពហុព្យាបាលរបស់ខ្លួនខុសច្បាប់ ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងបានធ្វើសេចក្ដីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឱ្យយករថយន្តគិលានសង្គ្រោះឯកជនរបស់ខ្លួនចេញទៅដឹកអ្នករបួសជាដាច់ខាត។

ជាក់ស្តែង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ក្នុងនោះមានជនរងគ្រោះចំនួន២នាក់ ដោយម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ ជនរងគ្រោះដែលរងរបួសធ្ងន់នោះ គឺខាងមន្ទីរពហុព្យាបាល និងសម្ពព ម្លិះដង្កោ ជាអ្នកដឹកជនរងគ្រោះរបួសធ្ងន់មកសង្គ្រោះបន្ទាន់។ ប៉ុន្តែដោយសារក្រុមគ្រួសារនៃជនរងគ្រោះពុំមានថវិកាគ្រប់គ្រាន់ ក៏ស្នើទៅមន្ទីរពេទ្យបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាវិញ ប៉ុន្តែខាងមន្ទីរពេទ្យម្លិះដង្កោមិនយល់ព្រមឲ្យបញ្ជូនជនរងគ្រោះឡើយ។

ពេលនេះ ក្រសួងសុខាភិបាលធ្វើការព្រមានផាកពិន័យ និងណែនាំចំពោះលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ៥ ចំណុច រួមមាន៖ ១. ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការយករថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនចាប់ពីថ្ងៃណែនាំនេះតទៅ។ ២. ត្រូវផាកពិន័យអន្តរការជាប្រាក់ចំនួន ១០ ០០០ ០០០ ៛ (ដប់លានរៀល) ចំពោះកំហុសឆ្គងដែលមាន។

រីឯ៣. ត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាម ច្បាប់ អនុក្រឹត្យ ប្រកាស និងសារាចរណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល។ ៤. ត្រូវគោរពទៅតាមកិច្ចសន្យារបស់ខ្លួន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដែលបានសន្យាជាមួយក្រសួងសុខាភិបាល និង៥. ក្នុងករណីដែលលោកវេជ្ជបណ្ឌិត ស៊ឹម វន់ មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ ក្រសួងនឹងមានវិធានការបិទមន្ទីរពហុព្យាបាល ម្លិះដង្កោ ដោយមិនអនុញ្ញាតឱ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺតទៅទៀតឡើយ។

ទន្ទឹមនេះក្រសួងសុខាភិបាលក៏បានស្នើទៅកាន់អភិបាលរាជធានីភ្នំពេញ ឱ្យជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតចំពោះគ្រប់ម្ចាស់គ្លីនិកឯកជនដែលបានយករថយន្តគិលានសង្គ្រោះ ឬឡានពេទ្យរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពតាមដងផ្លូវខុសច្បាប់ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀតដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល តាមការគួរ៕