(បាត់ដំបង) ៖ រដ្ឋបាលខេត្តគ្រោងរៀបចំកែលម្អផ្សារធំបាត់ដំបងឡើងវិញទៅតាមទម្រង់ដើម បន្ទាប់ពីយុទ្ធនាការកាត់សំយាបផ្ទះ និងស្លាកផ្សាយពាណិជ្ជកម្មក្នុងតំបន់អភិរក្សបានជិត ១០០ភាគរយ។
កាលពីថ្មីៗកន្លងមកនេះលោក សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ជាមួយការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋប្រមាណជា ៨០០ខ្នងផ្ទះយ៉ាងផុលផុសក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយតំបន់អភិរក្សក្នុងក្រុងមកដល់ពេលនេះទទួលបានលទ្ធផលចំនួនជាង ៩០ភាគរយហើយ ។ចំពោះមុខនេះក្រុមការងារកំពុងបន្តយុទ្ធនាការកំណត់យកថ្នាំពណ៌លាបទៅលើអគារទាំងអស់នោះឲ្យមានស្តង់ដារតែមួយ ដូចគ្នាទៅនឹងបណ្តាប្រទេសអភិវឌ្ឍមួយចំនួននៅក្នុងពិភពលោក។
កំណែទម្រង់ដើម្បីសោភ័ណភាពក្រុងបាត់ដំបងដំណាក់កាលដំបូងនេះក៏នឹងត្រូវរៀបចំថែមទៀតចំពោះថែវមុខផ្ទះទុកជាចំហ លើសពីនេះក៏ត្រូវសម្រួលបើកច្រកឌឿងហែមនៅផ្នែកខាងក្រោយអគារអភិរក្សផងដែរដើម្បីសម្រួលដល់ការចេញចូលប្រើប្រាស់ជាសាធារណ: ពិសេសបង្កលក្ខណ:ដល់រថយន្តពន្លត់អគ្គិភ័យបានល្អប្រសើរ។ ដោយឡែកការកែលម្អដំណាក់កាលបន្ទាប់និងសំខាន់ជាងនេះទៀតគឺចំណតរថយន្តក្នុងក្រុងគ្រប់ប្រភេទ ដងផ្លូវសាធារណ:សម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង និងផ្លូវសម្រាប់ជនពិការទៀតផង។
អភិបាលខេត្តបាត់ដំបង បានបន្តលើកឡើងទៀតថា ក្រោយផែនការរៀបចំខាងលើអាជ្ញាធរខេត្តក៏គ្រោងរៀបចំផ្សារធំបាត់ដំបង ហៅផ្សារណាត់ ផងដែរដែលជាទីប្រមូលផ្តុំមនុស្ស ភ្ញៀវទេសចរជាតិ អន្តរជាតិចេញចូលដើរលេងកម្សាន្ត ឬទិញទំនិញ វត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ចំពោះតួផ្សារទាំងមូលកំណត់ឲ្យលាបថ្នាំពណ៌ទៅតាមទម្រង់ជំនាន់ដើម ហើយបើកផ្លូវច្រកកណ្តាលឲ្យភ្ញៀវចេញចូលដោយងាយស្រួល៕