ផ្ទះប្រជាពលរដ្ឋចំនួន២៨៤គ្រួសារ ស្ថិតក្នុងសង្កាត់លេខ១ សង្កាត់លេខ២ និងសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ បានរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង ដែលធ្លាក់តាំងពីយប់រំលងអាធាត្រឈានចូលថ្ងៃទី១១ ខែសីហា រហូតដល់ទៀបភ្លឺ។
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងចំណោមផ្ទះដែលរងការជន់លិចនោះ គឺមាន៣៨ខ្នងក្នុងសង្កាត់លេខ១ ដែលមានការជន់លិចទឹកហូរចូលដល់ក្នុងផ្ទះរបស់ពលរដ្ឋ។ ផ្ទះពលរដ្ឋក្នុងសង្កាត់លេខ២ មានចំនួន៦០ខ្នង រងការជន់លិច និងនៅសង្កាត់លេខ៤ មានផ្ទះចំនួន១៩៦ខ្នង ជាតំបន់ទំនាប ក៏ទទួលរងការជន់លិចដែរ ប៉ុន្តែសង្កាត់លេខ៣ មិនមានការជន់លិចឡើយ។
ទោះយ៉ាងណា តាមការបញ្ជាក់ពី លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ការជន់លិចនេះ មិនបណ្តាលឱ្យប៉ះពាល់ខ្លាំងដល់លំនៅឋានរបស់ពលរដ្ឋនោះទេ ឯទឹកក៏បានស្រកទៅវិញជាបណ្តើរៗផងដែរ គិតត្រឹមព្រឹកថ្ងៃទី១១ ខែសីហានេះ។ លោក អ៊ី សុខឡេង បន្តថា ទឹកនឹងឆាប់ស្រកទៅវិញ ប្រសិនថ្ងៃនេះពុំមានភ្លៀងធ្លាក់បន្តទៀត។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បណ្តាខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់ ចំណែកនៅតំបន់ជាប់សមុទ្រដូចជា ខេត្តព្រះសីហនុ និងកោះកុង អាចប្រឈមនឹងជំនន់ទឹកភ្លៀង…៕