អាជ្ញាធរស្រុកលំផាត់ នៃខេត្តរតនគិរី កាលពីថ្ងៃម្សិលមិញបានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ជាប់មាត់ទន្លេស្រែពក ស្វែងរកទីទួលសុវត្ថិភាព ខណៈទឹកទន្លេកំពុងបន្តហក់ឡើងជិតដល់កម្រិតប្រកាសអាសន្ន។
លោក នូ ថេរ អភិបាលស្រុកលំផាត់ បានឱ្យដឹងថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ទឹកទន្លេស្រែពក បានហក់ឡើងដល់កម្ពស់១១,៩០ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន១២,៥០ម៉ែត្រ។ បន្ថែមលើនេះ លោកបាននឹងកំពុងដឹកនាំគណៈកម្មការស្រុក រៀបចំកិច្ចប្រជុំ និងប្រមូលកងកម្លាំងទាំងបីប្រភេទ ដែលរួមមាន៖ ប៉ូលីស ទាហាន ប៉េអ៊ឹម ចុះជួយសម្រួលក្នុងការចេញ-ចូលធ្វើចរាចរលើដងផ្លូវដែលមានទឹកលិច និងបានជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពជាបណ្តើរៗហើយ ខណៈមេឃនៅបន្តធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅក្នុងស្រុកលំផាត់។
ដោយឡែក សម្រាប់ទន្លេសេសាន ស្ថិតនៅក្នុងស្រុកវ៉ើនសៃឯណោះវិញ គិតត្រឹមរយៈពេលដូចគ្នានេះ កម្ពស់ទឹកបានថយចុះបន្តិចមកវិញ នៅត្រឹមតែ៧,៧០ម៉ែត្រប៉ុណ្ណោះ ខណៈកាលពីម្សិលមិញ ទឹកបានហក់ឡើងដល់៧,៩០ម៉ែត្រ។ បើតាមការបញ្ជាក់របស់លោក ហេង សាវឿន អភិបាលនៃគណៈអភិបាលស្រុក វ៉ើនសៃ។ ជាមួយគ្នានោះ ឯកឧត្ដម គិត ទ្រី អភិបាលរងខេត្តរតនគិរី ក៏បានចុះជាមួយក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយអាជ្ញាធរស្រុក ធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅមាត់ទន្លេ ឱ្យជម្លៀសមករកទីទួលសុវត្ថិភាពចៀសវាងជួបគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង…៕