គ្រប់អាងទឹកនៅក្នុងខេត្តឧត្តរមានជ័យមានទឹកពេញលើសតម្រូវការរក្សាទុកបានបើកទ្វារបញ្ចេញទឹកចោល ដោយក្រុមការងារប្រចាំការនៅតាមអាងទឹកទាំងនោះ បន្ទាប់ពីមានភ្លៀងធ្លាក់ដល់កម្រិតជាង១០០មីលីម៉ែត្រ កាលពីថ្ងៃទី៧ខែសីហា។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានថ្លែងថា អាងទឹកទាំងតូចនិងធំនៅក្នុងខេត្តឧត្តរមានជ័យ នៅពេលនេះ មានទឹកពេញលើសតម្រូវការរក្សាទុក ត្រូវបានបើកទ្វារបញ្ចេញទឹកចោល ដោយមានមន្ត្រីប្រចាំការត្រួតពិនិត្យតាមដាន និងត្រៀមធ្វើអន្តរាគមន៍ នៅគ្រប់អាងទឹកទាំងអស់។
ប្រធានមន្ទីរខាងលើ បានបញ្ជាក់ថា នៅអាងទឹកតាម៉ុកដែលកម្ពស់ទឹកបានឡើងខ្ពស់ក្រោយពីមានភ្លៀងធ្លាក់ដល់កម្រិត១០៧មីលីម៉ែត្រនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ អាងកាលពីម្សិលមិញនាំឱ្យទឹកហូរចុះមកខ្លាំងជាមួយនឹងសំរាមមែកឈើចេញពីតាមស្រែចម្ការទើរនៅមាត់ទ្វារទឹកបណ្តាលឱ្យស្ទះទឹក តែត្រូវបានកាយចេញជាបន្តបន្ទាប់ដោយ ក្រុមការងារប្រចាំការនៅទីនោះ។
លោកញឺន កួន បញ្ជាក់ថា ទឹកហូរតាមទ្វារទឹកនិងទំនប់បង្ហៀរធម្មតា តែបើស្ទះសំរាមមែកឈើនៅមាត់ទ្វារទឹកធ្វើឱ្យទឹកឡើងខ្ពស់លិចដល់ផ្លូវដែលមាន ចរាចរឆ្លងកាត់ច្រើន ដោយហេតុនះហើយបានជាមន្ទីរដាក់គ្រឿងចក្រ និងកម្លាំងប្រចាំការកាយសម្អាតមុខទ្វាទឹកជាប្រចាំនិងក៏មានត្រៀងគ្រឿងចក្រ សម្ភារៈ សម្រាប់អន្តរាគមន៍ ពេលមានការបាក់ស្រុតនៅកន្លែងណាមួយ។ កាលពីម្សិលមិញមានភ្លៀងធ្លាក់ច្រើនដល់ជាង១០០មីលីម៉ែត្រ តែនៅថ្ងៃនេះមានភ្លៀងដែរនៅទូទាំងខេត្តតែមិនច្រើនទេ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានមានប្រសាសន៍ថា សម្ពាធទាបសកម្មនៅក្នុងសមុទ្រចិនខាងត្បូងធ្វើដំណើររកកោះហៃណាំ ហើយបង្កើនឥទ្ធិពលទៅជាវិសម្ពាធឬជាកូនព្យុះនៅពេលដើរទៅដល់ខាងលើកោះហៃណាំនោះ ធ្វើឱ្យស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជាពេលនេះ មានខ្យល់កើនឡើងខ្លាំងបន្តិចជាពិសេសនៅតំបន់មាត់សមុទ្រ។ ភ្លៀងបន្តមានធ្លាក់ រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើន ជាពិសេសនៅតំបន់ខ្ពង់រាបអាចមានភ្លៀងធ្លាក់ច្រើន៕