ខេត្តតាកែវ ៖ ក្រោយពីធ្លាយរឿងជាបន្តបន្ទាប់ ពាក់ព័ន្ធការរៀបចំក្រុមមន្ត្រីនគរបាលដែលមិនមែនជាមន្ត្រីជំនាញឈរលើដងផ្លូវ មកការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានកោះហៅមន្ត្រីពាក់ព័ន្ធមកបំភ្លឺរឿង។
តាមការអោយដឹងថា ក្រោយពេលបំភ្លឺ ក្រុមមន្ត្រីដែលមានលិខិតបេសកកម្មបានឆ្លើយថា ខ្លួនបានមកឈរជើងលើដងផ្លូវជាតិ គឺតាមរយៈលោក ឆាយ សាវុធ ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ចរាចរណ៍ តែរឿងអស់លុយប៉ុន្មាន គឺមិនមានចម្លើយនោះទេ ព្រោះដឹងថា អ្នកសូក និងអ្នកទទួលមានទោសស្មើៗគ្នា ម្ល៉ោះហើយអ្នកស៊ីក៏ចេះ អ្នកសូកក៏ចេះដែរ។
គួររំលឹកថា ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបំភ្លឺថា បន្ថែមកម្លាំងតាមគោលដៅចរាចរណ៍ ដើម្បីប្រសិទ្ធភាពការងារជូនពលរដ្ឋ។
ក្រោយមានការផ្សព្វផ្សាយករណីបង់លុយពាន់ៗដុល្លារ ដើម្បីមានឈ្មោះឈរតាមគោលដៅចរាចរណ៍នានាដែលជាជង្រុកលុយហូរចូល ក្នុងភូមិសាស្ត្រខេត្តតាកែវ ក្រុមប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចេញសេចក្តីបំភ្លឺថា គឺជាការសហការគ្នាធ្វើការរវាងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ជាមួយនឹងប៉ូលិសចរាចរណ៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារជូនប្រជាពលរដ្ឋ។
ក្នុងលិខិតបំភ្លឺនោះ ក៏បានបញ្ជាក់ដែរថា ចំពោះករណីបែកធ្លាយយកលុយពីមន្ត្រីនគរបាលចាប់ពី១០០០ដុល្លារ ទៅ៣០០០ដុល្លារ ដើម្បីបានឈរជើងនៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមផ្លូវជាតិនានាក្នុងភូមិសាស្ត្រខេត្តតាកែវនោះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បានរៀបចំក្រុមការងារ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត សំដៅរកឲ្យឃើញការពិត ព្រមទាំងមានវិធានការ តាមវិន័យកងកម្លាំងនគរបាលជាតិ កុំឲ្យមានការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា មានប្រភពបែកធ្លាយមួយបានបង្ហើបថា មន្ត្រីនគរបាលខេត្តតាកែវ ត្រូវចំណាយលុយ១០០០ដុល្លារ រហូតដល់៣០០០ដុល្លារ ដើម្បីមានឈ្មោះក្នុងតារាងបេសកកម្មឈរតាមគោលដៅលើផ្លូវជាតិ។ ក្នុងនោះមាន មន្ត្រីនគរបាលជាង២០នាក់ ដែលមិនមែនជាមន្ត្រីនគរបាលចរាចរណ៍នោះទេ បានចំណាយលុយក្រាស់ក្រែល ដើម្បីបានពាក់ឯកសណ្ឋានចរាចរណ៍ឈរនៅលើផ្លូវជាតិ។ ហើយកម្លាំងទាំងនោះ ក៏មិនមែនមកពីកម្លាំងការិយាល័យអន្តរាគមន៍នោះដែរ គឺមកពីការិយាល័យផ្សេងៗក្នុងស្នងការដ្ឋាន។
ប្រភពដដែលបានបញ្ជាក់ទៀតថា មន្ត្រីនគរបាលចរាចរណ៍ក្នុងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានចំនួន៦៧នាក់ប្រើប្រាស់មិនទាំងអស់ផង បែរជាបន្ថែមមន្ត្រីនគរបាលខុសជំនាញចំនួន២០នាក់ទៀត ហើយការបន្ថែមនេះ គឺដោយសារលុយ អ្នកអស់លុយតិចមានតួនាទីតូចៗ អ្នកអស់លុយច្រើនមានតួនាទីធំៗ ដូចជា ប្រធានគោលដៅអាចអស់៣០០០ដុល្លារ។
មហាជនយល់ឃើញថា ទោះបីជាមានការបំភ្លឺយ៉ាងណាក្តី ទោះបីបង្កើតក្រុមស្រាវជ្រាវផ្ទៃក្នុងសួរនាំក្តី វាគ្រាន់តែឱ្យល្អមើលតែប៉ុណ្ណោះ ដែលគេថា នាំគ្នាលាងពាងប្រហុក លោកស្នងការរង ដែលជាអ្នកធ្វើបញ្ជីឈ្មោះ បង្កើតគោលដៅប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ ក្លិនអសោចន៍នៃប្រហុកដែលធ្លាយពាងមិនអាចលាងស្អាតបានឆាប់ៗឡើយ ។
ដរាបណាមានព័ត៌មានប្លែកថ្មី យើងនឹងផ្សាយជូនបន្តទៀត ។
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299