រដ្ឋមន្រ្តីប្រៃសនីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត បានបញ្ជាក់ថាចាប់ពីថ្ងៃទី៥ ខែសីហាតទៅ ក្រសួងនឹងលុបចោលនូវកិច្ចសន្យាផ្ដាច់មុខអ៊ីនធើណិតក្នុងបុរីទាំងអស់ ដែលនឹងអនុញ្ញាតឱ្យមានក្រុមហ៊ុនអ៊ីនធើណិតផ្សេងៗតភ្ជាប់ឡើងវិញ។
ថ្លែងក្នុងសន្នីសិទសារព័ត៌មានរបស់ក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលព្រឹកថ្ងៃទី៤ ខែសីហា នៅទីស្ដីការគណៈរដ្ឋមន្ត្រីលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បញ្ជាក់ថានេះគឺជាសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។
លោកថ្លែងថា «មុនខ្ញុំមកទីនេះ សម្តេចតេជោបានបញ្ជាខ្ញុំថា រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខ អ៉ីធឺណិតក្នុងបុរី លុបចោលទាំងអស់ អត់មានឲ្យទៀតទេ។ សូមឲ្យប្រតិបត្តិករទាំងយល់ដឹង និងសូមឲ្យនិយ័តករទូរគមនាគមន៍ អនុវត្តប្រសាសន៍របស់ម្តេចតេជោ អត់មានត្រូវឲ្យផ្តាច់មុខទៀត ប្រតិបត្តិករត្រូវចូលប៉ុន្មានចូលទៅ»៕