សង្គម

មន្រ្តីប៉ូលិស​មានកាំភ្លើង សង្ស័យ​ស្រវឹងដក​កាំភ្លើងបាញ់​មេឃផ្អើលពលរដ្ឋ រួចចូលទៅផឹកវិញ

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវបេតុងលេខ៩៩ ក្នុងភូមិក្រោលគោ សង្កាត់ឫស្សីកែវ បានសម្តែងការហួសចិត្ត ក្រោយ​មន្ត្រីនគរបាលប៉ុស្តិ៍បឹងកេងកងទី២ម្នាក់ បានចូលផឹកស៊ីនៅ​ហាង​មួយ​កន្លែង រួច​ក៏​ដើរចេញមក​ខាងក្រៅ ដកកាំភ្លើងបាញ់មេឃ៣គ្រាប់កម្សាន្តអារម្មណ៍ ហើយរើសសម្បកគ្រាប់កន្ទុះទុក រួចចូលទៅផឹកស៊ីវិញធ្វើដូចគ្មានរឿងអ្វីកើតឡើង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ថ្ងៃអាទិត្យទី៣១ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅហាងកាហ្វេមួយកន្លែង យីហោ KSS coffee តាមបណ្តោយផ្លូវបេតុងលេខ៩៩ ភូមិក្រោលគោ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនបង្កមានឈ្មោះ អ៊ុយ ហ៊ាង ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅផ្ទះលេខ F១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ជាមន្ត្រីនគរបាលប៉ុស្តិ៍បឹងកេងកង២ ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងបន្តថា ហាងកាហ្វេនោះ ជារបស់កីឡាករបាល់ទាត់ល្បីឈ្មោះម្នាក់នៅប្រទេសកម្ពុជា។ មុនពេលកើតហេតុ ភ្ញៀវបានចូលផឹកកាហ្វេជាធម្មតា ហើយក៏មានភ្ញៀវខ្លះជួបជុំមិត្តភក្រផឹកស៊ីសប្បាយ ពោលគឺមានគ្នាប្រហែល៥ទៅ៦នាក់កំពុងជួបជុំ ផឹកស៊ីច្រៀងលេង។ ភ្លាមៗនោះ ស្រាប់តែមានបុរសម្នាក់(ជនបង្ក) ដើរចេញទៅឈរនៅក្រៅហាង ខណៈនោះក៏មានម៉ូតូមួយគ្រឿង មិនចាំម៉ាកជិះឆ្លងកាត់ហើយឆាបបុរសដែលកំពុងឈរនោះ ធ្វើឱ្យបុរសជាជនបង្ក ផ្ទុះកំហឹងខឹងសម្បារយ៉ាងខ្លាំង ក៏ដកកាំភ្លើងខ្លីចេញពីក្នុងហោប៉ៅខោបាញ់ឡើងលើមេឃ៣គ្រាប់តែម្ដង។

តែបើតាមមន្ត្រីសមត្ថកិច្ចថា មន្ត្រីនគរបាលរូបនោះ គ្រាន់តែអាមេបញ្ចូលគ្រាប់ ដើម្បីគំរាមអ្នកជិះម៉ូតូដែលបានជិះឆាបរូបគេតែប៉ុណ្ណោះ តែដោយសារភាពស្រវឹង ក៏បណ្តាលឱ្យធ្លាក់គ្រាប់កាំភ្លើងចេញទៅក្រៅ ហើយបុរសរូបនោះ ក៏បញ្ចូលគ្រាប់ម្ដងទៀត តែភ្លាត់ស្នៀត ក៏រៀលកៃបណ្តាលឱ្យផ្ទុះតែម្ដង ប៉ុន្តែមិនបង្កឱ្យរងរបួសដល់មនុស្សជុំវិញនោះឡើយ។ បន្ទាប់ពីផ្ទុះអាវុធរួច បុរសជាខ្មាន់កាំភ្លើង បានប្រមូលយកសម្បកគ្រាប់កន្ទុះទុក ហើយក៏ដើរទៅអង្គុយនៅកៅអីវិញធម្មតា ធ្វើដូចគ្មានរឿងអ្វីកើតឡើងសោះ។

ប៉ុន្តែ ភ្លាមៗនោះ ប្រជាពលរដ្ឋឃើញហេតុការណ៍ មានការភិតភ័យ ក៏បានទាក់ទងទៅអាជ្ញាធរខណ្ឌ ឱ្យចុះមកអន្តរាគមន៍ ទើបមានការឃាត់ខ្លួនមន្ត្រីនគរបាលរូបនោះសួរនាំ ដោយ​សមត្ថកិច្ចខណ្ឌធ្វើការដកហូតសម្ភារមួយចំនួនរួមមាន៖ កាំភ្លើងខ្លីមួយដើម ម៉ាកប្រាហា ពណ៌ខ្មៅ លេខ Z517054, បង់ចំនួន០១, គ្រាប់ចំនួន០៥គ្រាប់, សំបកគ្រាប់ចំនួន០២គ្រាប់ និងស្រោមចំនួន០១ ៕