សង្គម

សមត្ថកិច្ច​​ខាងជើង​បឹង​ទន្លេសាប ស្ទាក់ចាប់​រថយន្ត​ដឹក​ឈើ​ចេញពី​ព្រះវិហារ ប្រុង​ទៅភ្នំពេញ

(កំពង់ធំ​) ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ផល​ព្រៃឈើ​ខុសច្បាប់ តាមរយៈ​រថយន្ត​ម៉ាក Tundra ពាក់​ស្លាក​លេខ ភ្នំពេញ 2S-7946 មកពី​ខេត្តព្រះវិហារ​ដើម្បី​យកទៅលក់​បន្ត​នៅ​រាជធានី​ភ្នំពេញ។

ក្នុង​ប្រតិបត្តិការ​នេះ សហការ​ណ៍​ដោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ កម្លាំង​ខាងជើង​បឹង​ទន្លេសាប នគរបាល​ខេត្តកំពង់ធំ អាវុធហត្ថ​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២ តាម​ដងផ្លូវ​ជាតិ​លេខ ៦ ស្ថិតនៅ​ភូមិ​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​មន្ត្រី​ខាងជើង​បឹង​ទន្លេសាប​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ អេប ផល ភេទ​ប្រុស អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ បន្ទាប់ពី​ធ្វើការ​ពិនិត្យ​វាស់វែង ក្នុងនោះដែរ វត្ថុតាង​រួមមាន ឈើ​ប្រភេទ​លេខ​១ ត្រ​សេក​ចំនួន ១​គីប ៨​ផ្លាន​។

​កម្លាំង​នាយ​អធិការ​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប បាន​បន្តថា តាម​ប្រមាញ់​ចាប់ពី​ចំណុច ស្រុក​កំពង់ស្វាយ ប៉ុន្តែ​រថយន្ត​ដែលជា​មុខសញ្ញា​ខាងលើ​ព្យាយាម​បើក​រត់ មកដល់​ភូមិសាស្ត្រ សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ទើប​កម្លាំងចម្រុះ​សហការ ឃាត់​ស្ទាក់​ចាប់បាន​។​

​បច្ចុប្បន្ន​វត្ថុតាង និង​ជនសង្ស័យ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប ដើម្បី​រង់ចាំ​ចំណាត់​ការបន្ត​តាម​នីតិវិធី​៕