សៀមរាប – ជនជាតិម៉ុងហ្គោលលីម្នាក់បានលង់ទឹកស្លាប់នៅចំណុចទឹកធ្លាក់ជាន់ទីបី ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២៖៣០នាទីរសៀល។
បើតាមលោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឱ្យដឹងថា មានភ្ញៀវទេសចរជនជាតិម៉ុងហ្គោលលីរូបនេះកាន់លិខិតឆ្លងដែនលេខ E 2778114 ឈ្មោះ GANZORIG MYAGMARDORJ អាយុ២៦ឆ្នាំ បានលង់ទឹកស្លាប់នៅចំណុចទឹកធ្លាក់ជាន់ទីបី ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប។
លោកបានបន្ថែមទៀតថា មុនពេលកើតហេតុ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះបានមកលេងទឹកធ្លាក់នៅព្រះអង្គធំជាមួយគ្នាម្នាក់ទៀត ដែលកាន់លិខិតឆ្លងដែន E 3056972 ឈ្មោះ OYUNTSENGEL MOHTOJIYGIC អាយុ៤៤ឆ្នាំ ដោយបានជួល Pass App ឈ្មោះ រឿន រ៉ា អាយុ៣៤ឆ្នាំ រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ខេត្តសៀមរាប។ ពេលមកដល់ចំណុចទឹកធ្លាក់ពួកគេទាំងបីនាក់បានលេងទឹកជាមួយគ្នា បន្ទាប់ពីលេងបាន១៥នាទី ជនរងគ្រោះឃើញមិត្តស្រីលង់ទឹកក៏បានទៅជួយមិត្តភិក្ដនោះ យកមកទុកនៅមាត់ច្រាំងម្ខាង ហើយខ្លួនក៏បានបបួលអ្នកបើក Pass App ហែលឆ្លងទៅច្រាំងម្ខាងទៀត ពេលហែលទៅដល់ចំណុចផ្ទាំងថ្មដែលមានទឹកជ្រៅជនរងគ្រោះមានសភាពអស់កម្លាំង ហើយក៏តោងផ្ទាំងថ្ម តែដោយសារផ្ទាំងថ្មស្លែកាន់រអិលធ្វើឲ្យជនរងគ្រោះតោងមិនជាប់ក៏លេចទៅក្នុងទឹក ចំណែកអ្នកបើក Pass App ខំព្យាយាមស្រវាជួយចាប់ដៃជនរងគ្រោះតែចាប់មិនទាន់ ដោយសារខ្លួនស្ថិតនៅក្នុងសភាពអស់កម្លាំងដែរ ហើយក៏បានស្រែកឲ្យភ្ញៀវទេសចរដទៃទៀតជួយរាវរកជនរងគ្រោះតែរកពុំឃើញ លុះដល់វេលាម៉ោង១៖១៥នាទីរសៀល ទើបរាវរកសពជនរងគ្រោះឃើញ ហើយក៏លើកសពស្រង់មកដាក់លើគោក បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំបានរាយការណ៍ទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីចុះពិនិត្យសាកសពនិងររៀបចំតាមនិតិវិធី៕